ពិភពលោក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងត្រៀមសម្រាប់ប្រតិបត្តិការជាមួយរូបិយវត្ថុអេឡិចត្រូនិច (CryptoCurrency) Bitcoin ក្រោមហេតុផលដែលអ្នករុករកកាក់ Bitcoin បានប្រើប្រាស់ថាមពល Clean Energy ដែលមិនប៉ះពាល់ដល់បរិស្ថានវិញ។ Elon Musk បានសរសេរនៅលើ Twitter របស់ខ្លួនថា៖ "ពេលដែលមានការបញ្ជាក់ភ្ជាប់ជាមួយហេតុផលថា ការរុករក (Mine) Bitcoin ត្រូវបានធ្វើឡើងដោយប្រើប្រាស់ថាមពលស្អាត (Clean Engery) ដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានចាប់ពី ៥០%ឡើងទៅ បូករួមជាមួយភាពអាចទៅរួចនៃការជួញដូរនាពេលអនាគត Tesla នឹងបន្តអនុញ្ញាតឱ្យមានប្រតិបត្តិការទូទាត់ដោយប្រើប្រាស់ Bitcoin ឡើងវិញ"។
លោក Elon Musk កន្លងមកក៏ធ្លាប់បានប្រតិកម្មទៅនឹងការអធិប្បាយរបស់លោកស្រី Magda Wierzycka នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាហ្វ្រិកខាងត្បូង Sygnia ដែលបានចោទប្រកាន់ថា ការ Tweet របស់លោក Elon Musk ពាក់ព័ន្ធនឹង Bitcoin គឺជាចេតនាកេងបន្លំផ្នែកទីផ្សារ ហើយគួរតែមានការស៊ើបអង្កេតដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក (US SEC)។ ប៉ុន្តែយ៉ាងណាក្តី កន្លងមកក្រុមហ៊ុន Tesla ធ្លាប់បានដាក់បង្ហាញរបាយការណ៍ទៅកាន់ US SEC ផងដែរ ដែលបង្ហាញថាក្រុមហ៊ុនបានកាន់កាប់កាក់ Bitcoin ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ ហើយក៏បង្ហាញពីសក្តានុពលនៃការត្រៀមប្រតិបត្តិការទូទាត់ក្នុងការទិញផលិតផលរបស់ខ្លួនដោយការប្រើប្រាស់ Bitcoin នេះផងដែរ។ តែយ៉ាងណាក្តី កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ Tesla បានប្រកាសផ្អាកគម្រោងទូទាត់នេះឡើងវិញ ដោយបានអះអាងថា ការកើនឡើងខ្លាំងពីអ្នករុករកកាក់ Bitcoin បានប្រើប្រាស់ថាមពលលើសលុបដែលជាផ្នែកមួយនៃការជម្រុញឱ្យមានការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅក្រោយពេលដែលលោក Elon Musk បាននិយាយដល់ភាពអាចទៅរួចនៃប្រតិបត្តិការជួញដូចរវាង Tesla ជាមួយ Bitcoin សាជាថ្មី បានជម្រុញឱ្យតម្លៃកាក់អេឡិចត្រូនិចនេះកើនឡើងដល់ទៅ ១០ភាគរយកាលពីថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះ៕