លោក ហ៊ុន ម៉ានី អំពាវនាវឱ្យអត់ធ្មត់រង់ចាំការពន្យល់ពីបញ្ហាដែលបានកើតឡើងនៅអំឡុងការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជានៅឥណ្ឌា
ភ្នំពេញ៖ សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានអំពាវនាវដល់ជនរួមជាតិឱ្យមានការអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិបាល់ទាត់កម្ពុជានៅពីរប្រកួតខាងមុខទៀត ក្រោយមានបញ្ហាទាក់ទងនឹងការគោរពទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
បើតាមសារដែលលោក ហ៊ុន ម៉ានី បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករបស់លោកនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនានេះថានៅពេលការប្រកួតបាល់ទាត់ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួតហើយកម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត តែទោះជាយ៉ាងណាក៏ដោយយ៉ាងហោចណាស់គឺ «ត្រូវយកចិត្តទុកដាក់បំផុតនៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ»។
លោកបន្តថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើងកាលពីម្សិលមិញក្នុងការប្រកួតក្របខ័ណ្ឌ AFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ»។
លោកគាំទ្រឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ស្វែងរកចម្លើយនិងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ ហើយនឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតដើម្បីកុំឲ្យបញ្ហា ឬកំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ។
បន្ថែមពីនេះលោក ហ៊ុន ម៉ានី បានស្នើសុំប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ឱ្យបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិកម្ពុជាពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។
គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួតរវាងជម្រើសជាតិកម្ពុជានិងឥណ្ឌាកាលពីថ្ងៃទី៨ ខែមិថុនា មានបញ្ហាកើតឡើងទៅលើភ្លេងគោរពទង់ជាតិរបស់កម្ពុជា ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់កម្ពុជាបានសម្តែងការខឹងសម្បារជាខ្លាំង៕