រដ្ឋមន្ត្រីការពារជាតិ៖ មូលដ្ឋានទ័ពសមុទ្ររាមគឺជាដែនអធិបតេយ្យរបស់កម្ពុជាមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ។ សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនានេះ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា រាមគឺជាដែនអធិបតេយ្យរបស់កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការអភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការកសាងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមបច្ចុប្បន្នដែលមិនមានអ្វីទាំងអស់។
ការកសាងរោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា មានរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹករដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែក កសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ១កន្លែង កសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) កសាងផែរសំចតចំនួន ២កន្លែង និងស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ។
ប្រមុខការពារជាតិកម្ពុជាក៏បានបញ្ជាក់ដែរថា៖ «ក្នុងឱកាសនេះក៏មានបណ្តាអង្គទូត និងអនុព័ន្ធយោធាមួយចំនួន ដែលមានឱកាសបានអញ្ជើញមកដល់ទីនេះឱ្យមើលឃើញឱ្យជាក់ស្តែងផងដែរថា មូលដ្ឋានសមុទ្ររាមនេះពិតប្រាកដគឺវាគ្មានអីទ ហើយមានតែកូនផែតូចមួយទឹករាក់ ដែលមានជម្រៅទឹកត្រឹម ៧ម៉ែតទេ ដែលចាំបាច់ណាស់យើងត្រូវស្តារឃ្លងហើយធ្វើផែរ ហើយបច្ចុប្បន្ននាវាកម្ពុជាតែងយកទៅជួសជុល ពេលមកវិញក៏មិនអាចចូលចតបានដែរត្រូវបោះយុទ្ធថ្ការនៅសមុទ្រ ដូច្នោះហើយទើបយើងចង់បានផែរមួយដើម្បីឱ្យនាវាចូលសំចត»។
សម្តេចបន្តថា៖ «ការកសាងរោងជាងជុសជួលនាវានេះអាចជួសជុលនាវារហូតដល់ ៥ពាន់តោន ហើយតំបន់របស់យើងនៅក្នុង ៤ខេត្តនេះអត់ទាន់មានទេ ដែលរាជរដ្ឋាភិបាលចង់កសាងរោងជាងនេះជាយូរណាស់មកហើយ បច្ចុប្បន្នបើសិនជាមាននាវានៅលើសមុទ្រហើយខូចត្រូវការជួសជុលគឺគ្មានកន្លែងណាដែលអាចជួសជុលបានទេ តែនៅពេលដែលមាន Drydock នេះយើងអាចជួសជុលបាន មិនមែនជារឿងណាផ្សេងទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post បានចុះផ្សាយ ដោយបានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ចោទថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ ការសែតអាមេរិកនេះបានសរសេរថា អាមេរិកបានសម្តែងការខកចិត្ត នៅពេលដែលកម្ពុជាបានវាយកម្ទេចអគារមួយ ក្នុងមូលដ្ឋានកងទ័ពរាម ដែលជាជំនួយរបស់ខ្លួន ប៉ុន្តែសម្តេចពិជ័យសេនាក៏បានបញ្ជាក់ដែរថាការវាយកម្ទេចអគារនេះ ដោយសារតែអគារនោះមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានលក្ខណៈទំនើបជាងមុន។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែមិថុនា បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះនិងបានបញ្ជាក់ថាកម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថាការកែលំអរមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ៕
PHOTO: EAC NEWS