ព្រះសីហនុ៖ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសពីបំណងចង់ធ្វើសមយុទ្ធយោធាជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញហើយក្នុងទ្រង់ទ្រាយធំថែមទៀត បន្ទាប់ពីបានផ្អាកកាលពីឆ្នាំមុន ។ សម្ដេចបានលើកឡើងបែបនេះក្នុងពេលបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមព្រឹកថ្ងៃពុធ ទី៨ ខែមិថុនានេះ។
សមយុទ្ធទ័ពរួមគ្នារវាងយោធាកម្ពុជា-ចិន ដែលហៅថានាគមាស អាចនឹងមានការរៀបចំឡើងវិញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រកាសនៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ។
សម្ដេចថា៖ «បើសិនជាអំណោយផល យើងនឹងរៀបចំឡើងវិញលំហាត់នាគមាស ដែលពីមុនយើងបានបំពេញបានម្ដង ពីរដង បីដងរួចជាស្រេចហើយ។ គួបផ្សំជាមួយនឹងខាងសន្ដិសុខលំហសមុទ្រដែលតែងតែធ្វើជាំបន្តបន្ទាប់ ហើយជាពិសេសយើងបានធ្វើឆ្លងកាត់មួយលើកមកហើយគឺមហារំអិល ដែលពាក់ព័ន្ធនឹងសមុទ្រយើងដែលយើងធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ឬក៏សង្គ្រោះនាវាដែលមាននាវាទាំងឡាយដែលកើតឡើងនៅសមុទ្ររបស់យើងអាចរួមគ្នាបំពេញលំហាត់ហ្វឹកហ្វឺននេះឱ្យទូលំទូលាយឱ្យធំជាងមុនដោយប្រើប្រាស់រួមគ្នា។ ហើយអាចប្រសិនជាមូលដ្ឋានសមុទ្ររាមរបស់យើងគឺដំណើរការទៅមុខបានលឿនឆាប់រហ័សគឺយើងនឹងប្រើមូលដ្ឋាននេះផងដែរដើម្បីអនុវត្តកិច្ចការដែលមានសារៈសំខាន់នេះចូលរួមនូវលំហាត់ចំរុះមួយមានជើងគោក ជើងអាកាស និងជើងទឹក»។
តាមការបញ្ជាក់របស់សម្ដេចពិជ័យសេនា «សមយុទ្ធនាគមាស» លើកនេះអាចជាសមយុទ្ធទ្រង់ទ្រាយថែមទៀត និងបានប្រាប់ឱ្យមន្ត្រីក្រសួងការពារជាតិត្រៀមរៀបចំឱ្យចេញជារូបរាងឡើងវិញនៅពេលដែលឱកាសអំណោយផលល្អនាពេលខាងមុខ។
កម្ពុជាបានផ្អាកសមយុទ្ធ នាគមាស ជាមួយប្រទេសចិននៅក្នុងឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ បន្ទាប់ពីបានធ្វើរួមគ្នាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៦មក៕
PHOTO: EAC NEWS