BREAKING NEWS: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម
ភ្នំពេញ៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោកស្រី Penny Wong ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា ឆ្នាំនេះ លោក ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានជុំវិញព័ត៌មានថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម។
លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទៅដូចកម្ពុជាទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយប្រទេសណាមួយឡើយក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ជាការឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
ពាក់ព័ន្ធកិច្ចពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវសម្រាប់ ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួនបី សម្រាប់ការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៖ (១) ការបញ្ឈប់អំពើហិង្សា (២) ការធានាការផ្តល់ជំនួយ មនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបី សម្រេចបានដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ រួមមាន (១) ក្របខ័ណ្ឌនៃការរៀបចំសម្រាប់ការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន (២) ការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រតិបត្តិការផ្ដល់ ជំនួយមនុស្សធម៌ និង (៣) ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចលើក ទីពីររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកស្រី Penny Wong បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។
លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានទន្ទឹងរង់ចាំឱកាសជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ៕