អង្គការសភាអន្តរជាតិ IPTP ថាការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាធ្វើឡើងដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់
ភ្នំពេញ៖ អង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace-IPTP) បានចេញសេចក្តីថ្លែងការនៃការអង្កេតអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥ នៅកម្ពុជាប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។
នៅក្នុងលិខិតរបស់អង្គការ IPTP ដឹកនាំដោយលោក Shamsul Iskandar Bin Mohd Akin បានឱ្យដឹងថា ខ្លួនអាចធ្វើជាសាក្សីចំពោះបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់អ្នកបោះឆ្នោត ក្នុងកាប្រើប្រាស់នូវសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់តាមបែបសន្ដិវិធី និងដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនេះ។
គណៈប្រតិភូអង្គការ IPTP បានធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ និងបានចាប់អារម្មណ៍ចំពោះចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើន ហើយសង្កេតឃើញថាប្រជាពលរដ្ឋបានចេញមកបោះឆ្នោតដោយសេរី និងសម្ងាត់ ដោយអ្នកបោះឆ្នោតហាក់ដូចជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។
អង្គការសង្កេតឃើញថាពុំមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និងអំពើហិង្សាណាមួយឡើយ។ ក្រៅពីនេះ បុគ្គលិកបោះឆ្នោត ត្រូវបានជ្រើសរើសតាមរយៈដំណើរការមួយដែលមានតម្លាភាពនិងភាពប្រកួតប្រជែង ហើយពួកគេបានបំពេញការងារប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈ។
អង្គការ IPTP សង្កេតឃើញថា គ.ជ.ប បានអនុវត្តតាមនីតិវិធីជាច្រើនស្របតាមគោលការណ៍ណែនាំអន្តរជាតិ ប៉ុន្តែ IPTP ផ្តល់យោបល់ទៅ គ.ជ.ប ដើម្បីបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនៅការិយាល័យបោះឆ្នោតដោយផ្អែកការបង្ហាត់បង្ហាញនិងការអនុវត្តផ្ទាល់ គួរផ្តល់ភាពងាយស្រួលដល់ជនពិការ និងអ្នកដែលត្រូវការជំនួយជាពិសេស ក៏ដូចជាការបង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅលើជញ្ជាំង ឬក្តារនៅការិយាល័យ បោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕