
ខេត្តកំពង់ស្ពឺបន្តអនុវត្តវិធានរដ្ឋបាលរយៈពេល១សប្តាហ៍ទៀតចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១
កំពង់ស្ពឺ : នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល១សប្តាហ៍ទៀតចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត។
រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖
- ភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារចល័ត, ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង២០(ម្ភៃ) ដល់ម៉ោង០៣(បី)ព្រឹក ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ ជាលក្ខណៈ វេចខ្ចប់បាន
- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត
- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ
- ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង
- រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្តុំមនុស្សលើសពី ២(ពីរ) នាក់។
ក្នុងសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តបានបន្តផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង២០(ម្ភៃ) ដល់ម៉ោង០៣(បី)ព្រឹក លើកលែងតែចំពោះករណីដូចខាងក្រោម ៖
- ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា
- ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
- ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត
- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង - ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ៕