ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សភ្លើងទៀនប្រកាសទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់ដោយមិនបាតុកម្មតវ៉ា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទាន លោក សុន ឆ័យ បានប្រកាសថាគណបក្សនឹងទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បើទោះបីមិនពេញចិត្តចំពោះលទ្ធផលនិងលើកឡើងថាការបោះឆ្នោតមិនសេរី និងអយុត្តិធម៌ក៏ដោយ។

ថ្លែងនៅក្នុងសន្នីសិទសារព័ត៌មានរបស់គណបក្សនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ លោក សុន ឆ័យ ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះបញ្ចប់ដោយមិនមានភាពសេរី និងយុត្តិធម៌ឡើយ ដោយថាមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយគណបក្សភ្លើងទៀន ទទួលការគាបសង្កត់បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជន រហូតដល់ការដាក់បញ្ជីអ្នកសង្កេតការ។

តំណាងគណបក្សបន្ថែមថា ការបោះឆ្នោតមានការបំភិតបំភ័យបេក្ខជនគណបក្សខ្លួនមុនការបោះឆ្នោត មានសកម្មភាពចល័តទ័ពមុនការបោះឆ្នោត ការបំភិតបំភ័យអ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត ហើយបានចោទគណៈកម្មការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យដែលមានភាពស្អិតរមួតជាមួយគណបក្សកាន់អំណាច។

ពាក់ព័ន្ធនឹងការលើកឡើងពីសកម្មភាពចល័តទ័ព និងការបំភិតបំភ័យ លោក សុន ឆ័យ មិនអាចបញ្ជាក់ជាមួយនឹងអ្នកសារព័ត៌មាន EAC News នៅក្នុងសន្នីសិទការសែតនោះទេ ដោយលោកថានឹងផ្តល់ភស្ភុតាងនៅពេលក្រោយ។

លោក សុន ឆ័យ ថា៖ «យើងប្រកាសថាការបោះឆ្នោតដែលមិនសេរីនិងមិនយុត្តិធម៌បានន័យថាយើងអត់ទទួលស្គាល់ការបោះឆ្នោតទេ តែយើងចង់ឱ្យកែលម្អ ដើម្បីឱ្យមានភាពយុត្តិធម៌ ដែលលទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋទេ តែបើសួរថាយក (កៅអី) ឬមួយក៏អត់ គឺយកអ្វីដែលជារបស់យើង យើងយក»។

ទោះបីយ៉ាងណាក៏ដោយលោក សុន ឆ័យ ប្រកាសទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ដោយមិនមានការធ្វើបាតុកម្មណាមួយឡើយ។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនាម្សិលមិញ នៅថ្ងៃច័ន្ទនេះ គណបក្សមួយចំនួនបានចេញសេចក្ដីថ្លែងការវាយតម្លៃពីស្ថានការណ៍បោះឆ្នោតនៅកម្ពុជា។ ពួកគេចាត់ទុកថាការបោះឆ្នោតដែលរៀបចំនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ជាការបោះឆ្នោតដែលត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។

គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយបានចេញសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃច័ន្ទនេះ ដោយបានលើកឡើងគណបក្សបានកត់សម្គាល់ថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាគឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្ដិសុខល្អ សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយាកាសសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករផងដែរ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់ EAC News ថាការចេញសេចក្ដីថ្លែងការណ៍នេះគឺគណបក្សចង់បង្ហាញពីការចូលរួមរបស់គណបក្សក្នុងបង្ហាញការពិតពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលលោកថាមានប្រជាធិបតេយ្យ និងកាន់តែចាស់ទុំ។

លោកថា៖ «យើងចូលរួមការបោះឆ្នោតមិនមែនត្រឹមតែចង់ឱ្យពលរដ្ឋមកគាំទ្រទេ យើងចង់ដឹងពីបរិយាកាសនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ ដើម្បីយើងតាមដានអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍនៅថ្ងៃខាងមុខទៀត។ អញ្ចឹងគណបក្សយុវជនកម្ពុជាបានសង្កេតឃើញតាំងពីដំណាក់កាលនៃការចុះឈ្មោះបេក្ខជនបក្សនយោបាយ ការឃោសនា រហូតដល់ថ្ងៃចុងក្រោយគឺប្រជាជនទៅបោះឆ្នោតនៅថ្ងៃទី៥ កន្លងទៅតែម្ដង។ បីដំណាក់កាលនេះហើយដែលយើងសង្កេតឃើញថាការបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋមានភាពចាស់ទុំជាងមុនហើយលទ្ធិប្រជាធិបតេយ្យកំពុងតែរីកលូតលាស់ល្អក្នុងការអនុវត្តនៅកម្ពុជា»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក