ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គណបក្សមួយចំនួនចេញសេចក្ដីថ្លែងការណ៍វាយតម្លៃពីស្ថានការបោះឆ្នោតនៅកម្ពុជាថា មានភាពត្រឹមត្រូវ និងយុត្ដិធម៌

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនាម្សិលមិញ នៅថ្ងៃច័ន្ទនេះ គណបក្សមួយចំនួនបានចេញសេចក្ដីថ្លែងការវាយតម្លៃពីស្ថានការណ៍បោះឆ្នោតនៅកម្ពុជា។ ពួកគេចាត់ទុកថាការបោះឆ្នោតដែលរៀបចំនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ជាការបោះឆ្នោតដែលត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។

គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយបានចេញសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃច័ន្ទនេះ ដោយបានលើកឡើងគណបក្សបានកត់សម្គាល់ថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាគឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្ដិសុខល្អ សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយាកាសសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករផងដែរ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់ EAC News ថាការចេញសេចក្ដីថ្លែងការណ៍នេះគឺគណបក្សចង់បង្ហាញពីការចូលរួមរបស់គណបក្សក្នុងបង្ហាញការពិតពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលលោកថាមានប្រជាធិបតេយ្យ និងកាន់តែចាស់ទុំ។

លោកថា៖ «យើងចូលរួមការបោះឆ្នោតមិនមែនត្រឹមតែចង់ឱ្យពលរដ្ឋមកគាំទ្រទេ យើងចង់ដឹងពីបរិយាកាសនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ ដើម្បីយើងតាមដានអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍនៅថ្ងៃខាងមុខទៀត។ អញ្ចឹងគណបក្សយុវជនកម្ពុជាបានសង្កេតឃើញតាំងពីដំណាក់កាលនៃការចុះឈ្មោះបេក្ខជនបក្សនយោបាយ ការឃោសនា រហូតដល់ថ្ងៃចុងក្រោយគឺប្រជាជនទៅបោះឆ្នោតនៅថ្ងៃទី៥ កន្លងទៅតែម្ដង។ បីដំណាក់កាលនេះហើយដែលយើងសង្កេតឃើញថាការបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋមានភាពចាស់ទុំជាងមុនហើយលទ្ធិប្រជាធិបតេយ្យកំពុងតែរីកលូតលាស់ល្អក្នុងការអនុវត្តនៅកម្ពុជា»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះមានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃពលរដ្ឋដែលមានឈ្មោះបោះឆ្នោតជាង ៩លាន២សែននាក់។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ ខែមិថុនា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថាការបោះឆ្នោតទោះបីជាមានបញ្ហាមួយចំនួនដូចជាបញ្ហាអាកាសធាតុដែលកើតឡើងក្នុងពេលបោះឆ្នោតក្ដី តែការបោះឆ្នោតនៅតែប្រព្រឹត្តិទៅជាប្រក្រតីតាមការគ្រោងទុក។ លោកបានបង្ហើបថានៅមុនពេលបោះឆ្នោតមានការបែកធ្លាយពីផែនការអុកឡុកការបោះឆ្នោតដែលគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញនូវសេចក្ដីណែនាំស្ដីពីការពង្រឹងនូវសន្ដិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត ដើម្បីគ្រប់គ្រងស្ថានការណ៍និងធានាដល់ការបោះឆ្នោតដំណើរការរលូនល្អនឹងប្រព្រឹត្តិដោយសន្ដិសុខ និងសុវត្ថិភាព។

លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះដោយសារមានកិច្ចសហការល្អពីសំណាក់យុន្តការ និងរចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ដំណើរការបោះឆ្នោតរបស់យើងប្រព្រឹត្តិទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្ដិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង»។

ទោះជាយ៉ាងណាអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថាខ្លួនបានទទួលសេចក្ដីរាយការណ៍ពីរាជធានី-ខេត្តចំនួន១៦ អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត។ ភាគច្រើននៃករណីទាំងនេះ អាជ្ញាធរត្រូវបានមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត។ ក្នុងករណីមួយ មេភូមិ និងអនុប្រធានភូមិ ត្រូវបានមើលឃើញថា អង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ ក្រោយពីការបោះឆ្នោត។

ក្រៅពីនេះ ក៏មានការរាយការណ៍អំពី ករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗដើម្បីសួរនាំប្រជាពលរដ្ឋអំពីអ្នកដែលពួកគេបោះឆ្នោតឱ្យ និងការបង្ហាញវត្តមាននៃទាហានប្រដាប់ដោយអាវុធនៅក្បែរទីតាំងបោះឆ្នោត។

ទាក់ទងនឹងករណីនេះប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ថាលោកមិនអាចក្ដាប់ព័ត៌មានទាំងនេះនោះទេ តែលោកថាការកត់ឈ្មោះពលរដ្ឋដោយអាជ្ញាធរមិនអាចចាត់ជាការគំរាមកំហែងនោះទេគឺជាការគិតគូររបស់អាជ្ញាធរចំពោះពលរដ្ឋដល់ការអនុវត្តសិទ្ធិបោះឆ្នោតរបស់ប្រជាជន។

លោកថា៖ «ប្រហែលបងប្អូនប្រជាពលរដ្ឋ [ដែលជាអាជ្ញាធរមូលដ្ឋាន] ដោយភ័យបារម្ភទាក់ទងនឹងធាតុអាកាសផង គាត់ដើរមើលប្រជាពលរដ្ឋ ថាគាត់ចេញទៅបោះឆ្នោតអស់ហើយឬនៅ? អ្នកណាទៅ អ្នកណានៅ? ប្រហែលជាគាត់ទៅរំឭកដាស់តឿន ដើម្បីឱ្យទៅបោះឆ្នោត។ ហើយតាមខ្ញុំយល់ ព្រោះថ្ងៃហ្នឹងជាថ្ងៃបោះឆ្នោត អីចឹងអាជ្ញាធរមូលដ្ឋានក៏គាត់គិតគូរដែរ»។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានធ្វើសន្នីសិទព័ត៌មានមួយដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តរជាតិ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក