អ្នកសង្កេតការណ៍អន្តរជាតិថា ដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ
ភ្នំពេញ៖ បើតាមសេចក្តីថ្លែងការរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ បានឱ្យដឹងថា ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជានាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះគឺប្រព្រឹត្តិទៅក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ដែលបង្ហាញថាកម្ពុជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។
អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន(ខុសគ្នា)ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ។
លោកថា ការបោះឆ្នោតនេះមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន១៧នេះ ដែលបានអនុញ្ញាតឱ្យ បញ្ចេញមតិដោយសេរី។ ខ្ញុំពិតជាពេញចិត្តត្រង់ចំណុចដែលជា អ្នកបោះឆ្នោតម្នាក់ៗត្រូវបានចុះ ឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ ដែលបានបោះពុម្ពចេញជាបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត នីមួយៗ (ហើយយើងខ្ញុំបានពិនិត្យមើលប្រហែល២០ការិយាល័យ)។ នៅក្នុងបញ្ជីទាំងនោះ យើងខ្ញុំអាចមើលឃើញមានរូបភាពសម្គាល់អ្នកបោះឆ្នោតម្នាក់។ ដូច្នេះ មិនអាចមានកំហុសឬច្រឡំបានឡើយ។
លោកថា អ្នកបោះឆ្នោតត្រូវបានត្រួតពិនិត្យចាប់ពីខ្លោងទ្វារចូលក្នុងការិយាល័យដោយមន្ត្រីបីនាក់ ក្រោយពីបានបោះឆ្នោតហើយ អ្នកបោះ ឆ្នោតត្រូវជ្រលក់ចង្អុលដៃក្នុងទឹកខ្មៅលប់មិនជ្រះ ដើម្បីជៀសវាងការបោះឆ្នោតពីរដង។ ហិបឆ្នោតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានចាក់សោះ និងបិទត្រយ៉ាងជិត។ ហើយនៅក្នុងការិយាល័យបោះឆ្នោតការរាប់សន្លឹកឆ្នោតត្រូវបានធ្វើឡើងប្រកបដោយភាពហ្មត់ចត និងម៉ឺងម៉ាតបំផុត។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) បានលើកឡើងដែរថា គណៈប្រតិភូបានកត់សម្គាល់ឃើញថាអត្រាអ្នកទៅបោះឆ្នោតមានភាពល្អប្រសើរ ហើយបុគ្គលិក គ. ជ.ប ក៏បានធ្វើការដោយភាពត្រឹមត្រូវ និងភាពស្មោះត្រង់។បរិយាកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថាមានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្ ហើយមិនឃើញមានការតវ៉ាណាមួយដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការ បោះឆ្នោតឆ្នាំ ២០២២ នោះទេ។
ជាចុងក្រោយអ្នកតំណាង ក្រុមការងារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួម ទាំងអ្នកជូនដំណើរនិងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបានអនុញ្ញាតឱ្យយើងខ្ញុំធ្វើដំណើរទៅការិយាល័យបោះ ឆ្នោតដែលយើងខ្ញុំចង់ទៅសង្កត ដោយគ្មានការហាមឃាត់។
ជាចុងក្រោយ អ្នកសង្កេតការណ៍អន្តរជាតិធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា៖«ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តជាតិ។»
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕