ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា មានក្រុមមនុស្សដែលមានផែនការចង់បំផ្លាញការបោះឆ្នោតមិនឱ្យដំណើរការ ហើយនៅមានផែនការផ្សេងទៀតដើម្បីបំផ្លាញដល់ដំណើរការបន្ទាប់ពីការបោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ថាខ្លួននឹងនៅតាមដាន និងត្រៀមឆ្លើយតបចំពោះផែនការនេះជានិច្ចរហូតដល់លទ្ធផលត្រូវបានប្រកាសជាផ្លូវការ។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅស្នាក់ការ គ.ជ.ប ល្ងាចថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ថានៅមុនពេលបោះឆ្នោតមានការបែកធ្លាយពីផែនការអុកឡុកការបោះឆ្នោត ដែលធ្វើឱ្យគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ចេញនូវសេចក្ដីណែនាំស្ដីពីការពង្រឹងនូវសន្ដិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត ដើម្បីគ្រប់គ្រងស្ថានការណ៍និងធានាដល់ការបោះឆ្នោតដំណើរការរលូនល្អនឹងប្រព្រឹត្តិដោយសន្ដិសុខ និងសុវត្ថិភាព។
លោកបានឆ្លើយបន្ថែមទៅនឹងសំណួរ EAC News ថា ផែនការនេះគឺមានចេតនាមួយដើម្បីបំផ្លាញការបោះឆ្នោត ដូចជាប្រមូលផ្តុំកំលាំង បង្ករបរិយាកាសអស្ថិរភាពនៅកន្លែងបោះឆ្នោត ឬនៅកន្លែងរាប់សន្លឹកឆ្នោត ឬនៅកន្លែងណាផ្សេងដើម្បីឱ្យការបោះឆ្នោតបរាជ័យ។ ទោះជាយ៉ាងណា គ.ជ.ប បានដឹងមុននិងបានឆ្លើយតបទាន់ពេលវេលា។
លោកបន្តថា៖ «មួយទៀត ជុំវិញការប្រកាសអំពីលទ្ធផលបោះឆ្នោតនេះ គេត្រៀមបង្ករលក្ខណៈមួយឱ្យឃើញថា បើសិនលទ្ធផលមិនពេញចិត្ត ចឹងបោះឆ្នោតហ្នឹងគេប្រកាសថាមិនត្រឹមត្រូវ។ ទោះបីយ៉ាងណាក៏ដោយផែនការ រារាំងការបោះឆ្នោតមកដល់ម៉ោងនេះ ខ្ញុំគិតថាការបោះឆ្នោតបានបញ្ចប់ហើយ ចឹងក្រោយទៀតយើងអាចដឹងហើយថាផែនការដែលគេធ្វើគេធ្វើបានប៉ុណ្ណា»។
កាលពីថ្ងៃទី២ ខែមិថុនា ប្រធានគជប លោក ប្រាជ្ញ ចន្ទ និង ប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងក្នុងសេចក្ដីណែនាំមួយដោយបានណែនាំដល់គណបក្សនយោបាយនានានៅក្នុងពេលឃោសនាបោះឆ្នោត មិនត្រូវប្រមូលកម្លាំងអ្នកគាំទ្រពីខេត្ត ឬរាជធានីផ្សេងមកកាន់ខេត្ត រាជធានីផ្សេងទៀតដើម្បីបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
ក្នុងលិខិតនោះបញ្ជាក់ថា៖ «ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោតធ្វើការណែនាំដោយ តម្រូវឲ្យគណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ»។
បន្ថែមលើនេះ គណបក្សនយោបាយ ឬ/និងបេក្ខជន និងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាព ណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន៕