លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

អ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃការបោះឆ្នោតនៅកម្ពុជាគឺជាការបោះឆ្នោតដែលមានស្ដង់ដារនឹងអាចទទួលយកបាន

ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលមានស្ដង់ដារអន្តរជាតិ ប្រជាជនចេញទៅបោះឆ្នោតដោយសេរី គ្មានការបង្ខិតបង្ខំ និងចូលរួមច្រើន។ ការវាយតម្លៃនេះគឺធ្វើឡើងក្នុងពេលដែលអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះបានចូលរួមអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ។

ក្នុងបទសម្ភាសន៍ជាមួយ EAC News តាមមណ្ឌលបោះឆ្នោតអ្នកសង្កេតការដែលមកពីប្រទេស កូរ៉េ អូស្ត្រាលី រ៉ូម៉ានី នេប៉ាល់ និងអ្នកសង្កេតការណ៍មួយចំនួនទៀតបានចាត់ទុកការបោះឆ្នោតដែលបានរៀបចំនៅថ្ងៃនេះមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពួកគេជំរុញដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតទទួលយកលទ្ធផលដែលនឹងចេញជាផ្លូវការនៅចុងខែនេះ។

អ្នកសង្កេតការណ៍បោះឆ្នោតមកពីស្ថាប័នមជ្ឈមណ្ឌលអន្តរជាតិប្រជាធិបតេយ្យ (CDI) លោកស្រី Romana បានប្រាប់ EAC News ក្នុងពេលសង្កេតការណ៍បោះឆ្នោតនៅមណ្ឌលគរុកោសល្យ និងវិក្រឹតការខេត្តកណ្ដាលនៅព្រឹកថ្ងៃអាទិត្យថា៖ «ខ្ញុំគិតថាអ្វីៗដំណើរការទៅដោយរលូន យើងគ្រាន់តែជួយរៀបចំទាំងអស់ជាមុន ហើយយើងឃើញការពិតពីរបៀបដែលពួកគេរៀបចំការិយាល័យបោះឆ្នោត នីតិវិធីទាំងអស់ត្រូវបានអនុវត្ត យើងបានពិនិត្យបញ្ជីឈ្មោះបោះឆ្នោត អ្វីៗមិនអីទេ រួមទាំងសន្លឹកឆ្នោតជាដើម។ ដូច្នេះនីតិវិធីច្រើនឬតិចគឺគួរតែមាន ហើយខ្ញុំមើលឃើញថាដំណើរការទៅយ៉ាងរលូនលឿនណាស់ ដូច្នេះគេមានប្រព័ន្ធល្អនៅនឹងកន្លែងដែលល្អ។ ពួកគេមានគណបក្សជាច្រើនតំណាងឱ្យការបោះឆ្នោត។ ដូចដែលយើងគិតប្រាប់តាមតំបន់ ពួកគេអាចមានបក្សនយោបាយច្រើន ឬតិច។ ខ្ញុំក៏ឃើញមានអ្នកសង្កេតការណ៍គណបក្សនីមួយៗដដែលៗក៏ល្អដែរ ដូច្នេះគណបក្សនីមួយៗនៅលើសន្លឹកឆ្នោតមានអ្នកសង្កេតការណ៍បក្សរៀងខ្លួន។ ដូច្នេះខ្ញុំសង្ឃឹមថា វាដល់ចុងបញ្ចប់នៃដំណើរការបោះឆ្នោតហើយ អ្វីៗនឹងដំណើរការទៅដោយរលូនដូចដែលវាបានចាប់ផ្តើម»។

អ្នកសង្កេតការណ៍ម្នាក់ទៀតគឺលោក Akna Dargal មកពីប្រទេសនេប៉ាល់៖ «ពួកយើងនៅទីនេះពីរបីថ្ងៃ យើងបាននិយាយជាមួយប្រជាជនមួយចំនួន ដូច្នេះហើយបានជានៅព្រឹកនេះយើងបានទៅមើលការិយាល័យបោះឆ្នោត យើងបានឃើញបញ្ជីឈ្មោះអ្នកបោះឆ្នោត និងដំណើរការដែលពួកគេនឹងបោះឆ្នោត។ ដូច្នេះហយ បានរកឃើញប្រព័ន្ធបោះឆ្នោតស្រដៀងគ្នាដូចប្រទេសរបស់ខ្ញុំ ហើយបន្ទាប់មកយើងឃើញថាប្រជាពលរដ្ឋពិតជារំភើបចំពោះការបោះឆ្នោតឃុំសង្កាត់នេះ។ […] មកទល់ពេលនេះយើងមិនទាន់ដឹងថាវាមានដំណើរការបែបណាទេ។ តែវាមានសន្តិភាពណាស់ ហើយអ្នកណាក៏អាចមកបានដែរ»។

អ្នកអង្កេតការណ៍មកពីប្រទេសកូរ៉េខាងត្បូងលោក Ro Sung Yerng ថា៖ «ខ្ញុំមកពីប្រទេសកូរ៉េខាងត្បូងហើយតាមការអង្កេតរបស់ខ្ញុំ វាមានចំណុចដូចគ្នាជាច្រើនរវាងកម្ពុជា និងការបោះឆ្នោតនៅកូរ៉េ និងមានចំណុចគួរឱ្យចាប់អារម្មណ៍លំអិតជាច្រើនទៀតដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ»។

អ្នកអង្កេតការណ៍មកពីប្រទេសអូស្ត្រាលីលោក Sora Sun បានឱ្យដឹងថា៖ «ខ្ញុំគិតថាការបោះឆ្នោតនេះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតនៅប្រទេសដទៃមិនតែប្រទេសអូស្ត្រាលីទេ វាមានស្ដង់ដារអន្តរជាតិ។ អ្នកអាចឃើញហើយថាប្រជាពលរដ្ឋបានទៅបោះឆ្នោតដោយសេរី និងមានតម្លាភាព ហើយប្រទេសដែលមានប្រជាធិបតេយ្យក្នុងពិភពលោកគេចង់បានបែបហ្នឹង។ គ្មានការបង្ខិតបង្ខំ ពួកគេបោះឆ្នោតដោយសេរី ហើយការបោះឆ្នោតបានបន្តដោយរលូនមកដល់ឥឡូវនេះមានមនុស្សជាច្រើនបាននាំគ្នាទៅបោះឆ្នោត»។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅល្ងាចថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីបញ្ចប់ការបោះឆ្នោតថាទោះបីជាមានបញ្ហាមួយចំនួនដែលកើតឡើងក្នុងពេលបោះឆ្នោតក្ដី តែការបោះឆ្នោតនៅតែប្រព្រឹត្តិទៅជាប្រក្រតីតាមការគ្រោងទុក។ លោកបានបង្ហើបថានៅមុនពេលបោះឆ្នោតមានការបែកធ្លាយពីផែនការអុកឡុកការបោះឆ្នោតដែលគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញនូវសេចក្ដីណែនាំស្ដីពីការពង្រឹងនូវសន្ដិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត ដើម្បីគ្រប់គ្រងស្ថានការណ៍និងធានាដល់ការបោះឆ្នោតដំណើរការរលូនល្អនឹងប្រព្រឹត្តិដោយសន្ដិសុខ និងសុវត្ថិភាព។

លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះដោយសារមានកិច្ចសហការល្អពីសំណាក់យុន្តការ និងរចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ដំណើរការបោះឆ្នោតរបស់យើងប្រព្រឹត្តិទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្ដិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង»។

ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ហើយកាលពីម៉ោងប្រមាណ៣រសៀលថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ ដោយមានប្រជាពលរដ្ឋប្រមាណជាង៧លាន១សែននាក់បានចេញទៅបោះឆ្នោត ដែលស្មើនឹង ៧៧,៩១% នៃប្រជាជនមានឈ្មោះបោះឆ្នោតជាង ៩លាន២សែននាក់។ មានអ្នកសង្កេតការជាតិចំនួន ៧៥ ០០០នាក់ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១០នាក់ និងភ្ញៀវពិសេសចំនួន ២៣នាក់ បានចូលរួមសង្កេតការណ៍បោះឆ្នោត។

លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនឹងចាប់ផ្ដើមប្រកាសដោយ គ.ជ.ប នៅយប់ថ្ងៃអាទិត្យនេះ ខណៈលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។

គណបក្សនយោបាយចំនួន ១៧បានចូលរួមប្រកួតប្រជែងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក