ភ្នំពេញ៖ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះមានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១%។ នេះបើយោងតាមការប្រកាសរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាចំនួនជាង៧លាន១សែននាក់នេះគឺគ្រាន់ជាទិន្នន័យបឋមប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏នៅច្រើនជាងប្រទេសមួយចំនួន។ លោកថា ការដែលពលរដ្ឋជាង១លាននាក់ផ្សេងទៀតមិនបានទៅបោះឆ្នោតនោះគឺអាចបណ្ដាលមកពីពួកគាត់ទៅធ្វើការ ឬរស់នៅក្រៅប្រទេស ហើយទិន្នន័យជាក់លាក់នៃចំនួនអ្នកបោះឆ្នោតនៅតំបន់ខ្លះក៏មិនទាន់បញ្ជូនមកកាន់ គ.ជ.ប ដោយសារបញ្ហារអាក់រអួលនៃការបញ្ជូន។
លោកថា៖ «ជាធម្មតានៃការបោះឆ្នោត ហើយធៀបនឹងប្រទេសផ្សេងទៀតនៅសកលលោកគឺចំនួននេះគឺច្រើនគួរសមដែរ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់។
លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនឹងត្រូវប្រកាសដោយ គ.ជ.ប ចាប់ពីម៉ោង ៦ល្ងាចថ្ងៃអាទិត្យនេះ៕
PHOTO: EAC NEWS