ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ចាប់ផ្ដើមដោយសេរី តម្លាភាព និងការចូលរួមពីពលរដ្ឋ

ភ្នំពេញ៖ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធិសភា និងនាយករដ្ឋមន្ត្រី បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមណ្ឌលរៀងខ្លួននៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ គណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។

ព្រឹកម៉ោង៧ ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសបានបើកដំណើរការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាការបោះឆ្នោតថ្នាក់ជាតិមួយជ្រើសរើសមេឃុំ ចៅសង្កាត់ថ្នាក់មូលដ្ឋាន។

ប្រធានព្រឹទ្ធសភាសម្ដេចវបុលសេនាភក្ដី សាយ ឈុំ និងភរិយាបានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន និងភរិយាសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញទៅបោះឆ្នោតនៅវិទ្យាល័យសម្ដេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ។


នៅព្រឹកនេះផងដែរនៅម៉ោងប្រមាណ៧ព្រឹក នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្ដាល នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។


សម្ដេចតេជោពុំមានការថ្លែងសារណាមួយនោះទេបន្ទាប់ពីបោះឆ្នោត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅបោះឆ្នោតនៅអនុវិទ្យាល័យសោហឺ ខេត្តបាត់ដំបង ក្នុងពេលនោះសម្ដេចបានកត់សម្គាល់ថាចវាប់តាំងពីមុន និងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ បក្សនយោបាយទាំង១៧ បានអនុវត្តសកម្មភាពដូចប្រក្រតីដោយសេរីត្រឹមត្រូវស្របតាមច្បាប់។


សម្ដេចបន្តថា៖ «ការបោះឆ្នោតអាណត្តិទី៥ ២០២២នេះជាជោគជ័យមួយធំសម្រាប់ប្រទេសជាតិរបស់យើង ដែលវាជាកត្តាមួយរារាំងកុំឲ្យមានសង្គ្រាម កុំឲ្យមានការបែកបាក់ ផ្ទុយទៅវិញគឺវាសញ្ញាមួយយ៉ាងល្អសំដៅដល់ការរីកចម្រើនក្នុងមូលដ្ឋានថែមទៀត»។

ប្រជាពលរដ្ឋដែលបានមកចូលរួមបោះឆ្នោតបានសំដែងនូវអារម្មណ៍រីករាយដែលបានមកបោះឆ្នោតនៅថ្ងៃនេះ។

ពលរដ្ឋម្នាក់រស់នៅខេត្តកណ្ដាល វ័យប្រហែល៣៥ឆ្នាំបានឱ្យអ្នកយកព័ត៌មាន EAC News ដឹងថា អ្នកស្រីសប្បាយចិត្តដែលបានមកចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ។ អ្នកស្រីថាការរៀបចំបានធ្វើឡើងដោយត្រឹមត្រូវ និងងាយស្រួលដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោត។

អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ ខ្ញុំជាប្រជាពលរដ្ឋកម្ពុជា ខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលខ្ញុំចូលចិត្ត។ […] ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយរលូនដោយសន្ដិភាព គ្មានការបង្ខិតបង្ខំ យើងអាចជ្រើសរើសអ្នកណាដែលយើងចូលចិត្តក៏បាន»។


ពលរដ្ឋរស់នៅខេ្តតកណ្ដាលម្នាក់ទៀត អាយុ៨០ឆ្នាំ អ្នកស្រី ឡាយ សំអុល ថាអ្នកស្រីបានចូលរួមការបោះឆ្នោតទាំងបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ១៩៩៣ និងក្រុមប្រឹក្សាឃុំសង្កាត់តាំងពីឆ្នាំ២០០២មក។ អ្នកស្រីថាអ្នកស្រីសប្បាយចិត្តដែលបានចូលរួមបោះឆ្នោតម្ដងៗ ដោយសារជាសិទ្ធិដែលពលរដ្ឋមានដើម្បីជ្រើសរើសបក្សដែលខ្លួនស្រលាញ់ដើម្បីបម្រើដល់ពលរដ្ឋ។


អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍រីករាយសប្បាយចិត្តនឹងបោះឆ្នោតដែលបានបោះនៅខេត្តកណ្ដាលនេះ»។

គិត ត្រឹមម៉ោង១១ព្រឹក នៃថ្ងៃបោះឆ្នោត មាន ពលរដ្ឋ នចំនួនជិត ៥លាន ២សែននាក់បាន ទៅបោះឆ្នោត ដែលស្មើនឹងជាង៥៦%នៃ អ្នក បោះឆ្នោត សរុប។

គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការជាតិចំនួន ៧៥ ០០០នាក់ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១០នាក់ និងភ្ញៀវពិសេសចំនួន ២៣នាក់ សម្រាប់ពិនិត្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។

អ្នកសង្កេតការបោះឆ្នោតមកពីស្ថាប័នមជ្ឈមណ្ឌលអន្តរជាតិប្រជាធិបតេយ្យ (CDI) បានប្រាប់ EAC News ថាការរៀបចំការបោះឆ្នោតនេះមានភាពល្អប្រសើរ ប្រព្រឹត្តិទៅដោយរលូន។ អ្នកស្រីថាមិនឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងក្នុងដំណើរការនេះការបោះឆ្នោតនេះទេ។ អ្នកស្រីបានសរសើរថាកម្ពុជាបានរៀបចំការបោះឆ្នោតកាន់តែប្រសើរឡើងពីមួយអាណត្តិទៅមួយអាណត្តិ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនានេះ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់។

លទ្ធផលបណ្ដោះអាសន្ននឹងត្រូវប្រកាសដោយ គ.ជ.ប ចាប់ពីម៉ោង៦ល្ងាចថ្ងៃទី៥ ខែមិថុនា នេះតទៅ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក