ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមកសង្កេតការបោះឆ្នោតនៅកម្ពុជា ដែលនឹងបានឃើញពីការបោះឆ្នោតនៅប្រទេសមួយដែលធ្លាប់ល្បីល្បាញអំពីការធ្វើសង្គ្រាម ការកាប់សម្លាប់មកជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។ សម្ដេចលើកឡើងបែបនេះក្នុងពេលជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅវិមានសន្ដិភាព ព្រឹកថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិនៃកម្ពុជាប្រាប់ក្រុមអ្នកសង្កេតការណ៍ដែលចាប់ពីឆ្នាំ១៩៧៩មកកម្ពុជាបានព្យាយាមងើបពីសម័យខ្មែរក្រហមកុំម្មុយនីស្តមកជាប្រទេសប្រជាធិបតេយ្យពេញលេញ និងពីប្រទេសដែលធ្លាប់ទទួលកងទ័ពមួកខៀវពីអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបញ្ជូនកងទ័ពមួកខៀវទៅអន្តរជាតិវិញ។
សម្ដេចតេជោបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០២ ដែលជាការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សាខេត្ត និងព្រឹទ្ធសភា។
ក្រុមប្រតិភូទាំង១១ក្រុមដែលដឹកនាំដោយប្រធានមជ្ឈមណ្ឌលអន្តរជាតិប្រជាធិបតេយ្យ (CDI) លោក Andres Pastrana បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍បោះឆ្នោតនៅពេលនេះ ហើយបានជូនពរឱ្យដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ស្អែកនេះនឹងប្រព្រឹត្តិទៅបានរលូន យុត្តិធម៌ និងគ្មានអំពើហិង្សា។
គិតត្រឹមថ្ងៃទី៣ ខែមិថុនា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍អន្តរជាតិចំនួន៨នាក់ ខណៈកំពុងពិនិត្យចំនួន១០២នាក់ផ្សេងទៀត ដោយឡែកភ្ញៀងពិសេសដែលបានទទួលស្គាល់មាន២០នាក់ពីស្ថានទូតមួយចំនួននៅក្នុងប្រទេសកម្ពុជា៕
PHOTO: KOK KY