ហ្សឺណែវ៖ ស្ថានបេសកម្មអចិន្ត្រយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅ ទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គឺពុំត្រឹមត្រូវ ធ្វើនយោបាយូបនីកម្ម និងជ្រើសរើសតែមួយជ្រុង។ នេះដោយយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ស្ថានតំណាងកម្ពុជាកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ម្សិលមិញ។
ការលើកឡើងរបស់ស្ថានតំណាងកម្ពុជាគឺបានឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Liz Throssell ដែលបានលើកឡើងកាលពីថ្ងៃទី២ ខែមិថុនា ថារដ្ឋាភិបាលកម្ពុជាមានការគំរាមកំហែង បំភិតបំភ័យ និងរារាំងដល់បេក្ខជនគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឃុំសង្កាត់។ លោកស្រី បានរម្លឹកដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យលើកកម្ពស់សិទ្ធិមនុស្សដេលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី។
លោកស្រីថា៖ «សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈមានសារៈសំខាន់ណាស់សម្រាប់ការសម្រេចបានពេញលេញនៃសិទ្ធិមនុស្សផ្សេងទៀត ហើយជាពិសេសគឺចាំបាច់ ការការពារប្រកបដោយប្រសិទ្ធភាពនៃសិទ្ធិក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី។ យើងអំពាវនាវឱ្យរាជរដ្ឋាភិបាលធានាថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលលើកកម្ពស់ពហុភាពផ្នែកនយោបាយ និងការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន»។
ជាការឆ្លើយតបឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ដោយបានច្រានចោលការចោទប្រកាន់ និងថាសេចក្ដីថ្លែងការណ៍របស់លោកស្រី Liz Throssell ពោពេញដោយទៅដោយព័ត៌មានខុសឆ្គងជាច្រើន ជ្រើសរើសតែមួយជ្រុង ហើយការលើកឡើងនេះទៀតសោតគឺធ្វើឡើងបន្ទាប់ពីមានរបាយការណ៍នៃការប៉ុនប៉ងធ្វើវិទ្ធង្សនាដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជាត្រូវទទួលបរាជ័យ។
លោកបន្ថែមថា បច្ចុប្បន្នការគោរពគោលការណ៍សត្យានុម័ត ភាពមិនលំអៀង និងមិនជ្រើសរើសតែមួយជ្រុងរបស់អ្នកនាំពាក្យត្រូវបាន «ចោទជាបញ្ហា»។
លោកថា៖ «ការអធិប្បាយរបស់លោកស្រី បានគាំទ្រគណបក្សមួយថា ជាគណបក្សប្រឆាំងដ៏សំខាន់នាពេលបច្ចុប្បន្ននៅកម្ពុជា ដោយមើលស្រាលគណបក្សដទៃទៀត។ ជាងនេះទៅទៀត អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោត ដោយសារការបំពានច្បាប់ ពុំបានធ្វើឱ្យកម្ពុជាងាកចេញពីប្រព័ន្ធពហុបក្សឡើយ។ មិនថាលទ្ធផលបែបណា ការពិតមួយដែលមិនអាចប្រកែកបាននោះគឺ អ្នកបោះឆ្នោតអាចជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្សទាំង១៧ ដែលបានចុះឈ្មោះប្រកួតប្រជែងហើយដែលមានសិទ្ធិនយោបាយ និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នា និងត្រូវតែទទួលបានការគោរពដូចៗគ្នា មិនថាបក្សធំ ឬបក្សតូចឡើយ»។
លោក អាន សុខខឿន បានបញ្ចប់សេចក្ដីថ្លែងការណ៍ដោយរម្លឹកដល់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សឱ្យបំពេញអាណត្តិរបស់ខ្លួនតាមសេចក្ដីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិ គោរពនូវធម្មនុញអង្គការ និងអនុវត្តការតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្ថាធិការរបស់បណ្ដារដ្ឋ។
លោកថា៖ «កិច្ចសហប្រតិបត្តិការពិតប្រាកដដោយគ្មានរបៀបវារៈលាក់កំបាំងគឺជាអ្វីដែលគេរំពឹងថា នឹងទទួលបានពីគ្រប់ទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិដែលមានតួនាទីគាំទ្រ មិនជ្រៀជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកឡើយ»។
តំណាងកម្ពុជារូបនេះថា កម្ពុជាបន្តប្ដេជ្ញាយ៉ាងមុតមាំក្នុងការបន្តដំណើរលទ្ធិប្រជាធិបតេយ្យនិងប្រព័ន្ធពហុបក្សដែលឥតងាកររេរបស់ខ្លួនទាំងក្នុងដំណើរការបោះឆ្នោតនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ សន្ដិវិធី និងតម្លាភាព។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕