ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលអន្តរជាតិប្រជាធិបតេយ្យ (CDI) លោក Andres Pastrana ប្រកាសថាលោកនឹងទៅសង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ស្អែកនេះ នឹងបានជូនពរដល់ដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។ លោកថ្លែងបែបនេះក្នុងពេលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ។
ក្នុងឱកាសជួបសម្ដេចតេជោ ហ៊ុន សែន ប្រធានCDI លោក Andres Pastrana បានលើកឡើងថាលោកពិតមានកិត្តិយសដែលបានមកធ្វើអ្នកអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ដែលលោកថានេះជាលើកទី៣ហើយដែលលោកអញ្ជើញមកសង្កេតការបន្ទាប់ពីការបោះឆ្នោតក្រុមបឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតរើសតំណាងរាស្ត្រឆ្នាំ២០១៨។ លោកបានជូនពរដល់ដំណើរការបោះឆ្នោតនៅថ្ងៃស្អែកដំណើរការទៅដោយជោគជ័យ។
លោកក៏បានឆ្លៀតពេលចូលរួមរំលែកទុក្ខសម្ដេចតេជោចំពោះការបាត់បង់បងប្រុសគឺសម្ដេចទេញញាណ ហ៊ុន ណេង ផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Andres ចំពោះការចូលរួមរំលែកមរណទុក្ខនេះ និងបានជម្រាបផងដែរពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីករបស់កម្ពុជាដែលជាលទ្ធផលទទួលបានជោគជ័យ ជួយឱ្យកម្ពុជាអាចរៀបចំការបោះឆ្នោតបានដោយគ្មានការបារម្ភ។
សម្ដេចតេជោ បានថ្លែងអំណរគុណដល់លោក Andres ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការបោះឆ្នោតនាថ្ងៃស្អែកនេះ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕
PHOTO: KOK KY