ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយនៃការឃោសនា ថ្ងៃសុក្រ ទី៣ ខែមិថុនា នៅខេត្តព្រះសីហនុជាមួយនឹងការប្រមូលផ្ដុំអ្នកគាំទ្រហែក្បួនយ៉ាងច្រើន។
សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុយ៉ាងច្រើនកុះករ បានមកជួបជុំ និងហែក្បួនឃោសនា ថ្ងៃចុងក្រោយ ដោយបានធ្វើឡើងនៅតាមក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ។
ថ្លែងក្នុងពិធីសំណេះសំណាលបិទយុទ្ធនាការឃោសនានៅទីលានតេជោស្ថិតក្នុងក្រុងព្រះសីហនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះសីហនុ លោក តឹករ៉េត សំរេច បានថ្លែងថា៖ «យើងទាំងអស់គ្នា បានចុះទៅដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សកម្មភាពសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់ក្នុងបុព្វហេតុជាតិមាតុភូមិ។ យើងសង្ឃឹមថា នៅថ្ងៃបោះឆ្នោតទី៥ មិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់»។
លោក តឹករ៉េត សំរេច បានបន្ថែមថាឆ្នោតមួយសន្លឹក គឺមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូលឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហាញការវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រជាជនកម្ពុជា ជនរួមជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
លោកបានកត់សំគាល់ថា៖ «យុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ស្រប តាមច្បាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីប្រជាជនគ្រប់មូលដ្ឋាន។ យើងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្សារភ្ជាប់ នឹង ជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕