ភ្នំពេញ៖ ក្រសួងសុខាភិបាលកំពុងសិក្សាជាមួយអង្គការសុខភាពពិភពលោកអំពីលទ្ធភាពក្នុងការស្វែងរក និងប្រើប្រាស់វ៉ាក់សាំងជំងឺអុតស្វា ខណៈដែលជំងឺនេះត្រូវបានរកឃើញជាបន្តបន្ទាប់ថាបានឆ្លងចូលក្នុងសហគមន៍នៃប្រទេសមួយចំនួនជាបន្តបន្ទាប់។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់ EAC News ថា រហូតមកដល់ពេលនេះពិភពលោកមិនទាន់មានករណីរាយការណ៍ពីការស្លាប់ដោយជំងឺអុតស្វានៅឡើយទេ តែថាមិនអាចមើលស្រាលជំងឺនេះបានទេដោយជំរុញឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពសុខភាពរបស់ខ្លួន។
លោកថាជំងឺអុតស្វាអាចបណ្ដាលឱ្យមនុស្សស្លាប់ផងដែរប្រសិនជាអ្នកជំងឺមានផ្ទុកជំងឺផ្សេងដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ លោកបន្ថែមថានៅពេលនេះក្រសួងកំពុងសិក្សាជាមួយអង្គការសុខភាពពិភពលោកពីលទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងការពារផងដែរ។
លោកថា៖ «យើងកំពុងសិក្សារឿងហ្នឹងហើយ! ខ្ញុំគិតថាការងារចាក់វ៉ាក់សាំងគឺជាការងារអទិភាពហើយ តែយើងត្រូវការសិក្សាសិនជាមួយអង្គការសុខភាពពិភពលោក យើងត្រូវស្ដាប់អនុសាសន៍របស់អង្គការសុខភាពពិភពលោក»។
រោគសញ្ញានៃជំងឺអុតស្វាមានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយ ឬច្រើនដូចជាគ្រុនក្តៅលើស ៣៨,៥អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង។
លោកជំរុញដល់ពលរដ្ឋមានការប្រុងប្រយ័ត្ននិងតាមដានខណៈមានករណីសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥។
ចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជំងឺអុតស្វាត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកពីប្រទេសសមាជិកចំនួន២៣ ខណៈដែលការស៊ើបអង្កេតរោគរាតត្បាតនេះកំពុងបន្ត។ រហូតមកដល់ពេលនេះ ភាគច្រើននៃករណីដែលបានរាយការណ៍មិនមានទំនាក់ទំនងការធ្វើដំណើរទៅកាន់តំបន់ដែលមានមេរោគទេ។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកត្រឹមថ្ងៃទី២៦ ខែឧសភា ជំងឺអុតស្វាចំនួន៥២០ករណីត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន២៣ក្នុងពិភពលោក ក្នុងនោះសហភាពអឺរ៉ុបត្រូវបានរកឃើញច្រើនជាងគេ៕