ភ្នំពេញ៖ គណបក្សនយោបាយដែលបានចូលរួមការប្រកួតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានធ្វើការដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ។ ចាប់ពីស្អែកទៅយុទ្ធនាការឃោសនាទាំងឡាយត្រូវបានបញ្ឈប់ រួមទាំងការផ្សព្វផ្សាយផងដែរដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួន។
គណបក្សប្រជាជនបានបើកយុទ្ធនាការទូទាំងប្រទេសនៅថ្ងៃចុងក្រោយនេះដោយអនុប្រធានគណបក្សនេះគឺ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំក្បួនឃោសនាបិទយុទ្ធនាការនៅខេត្តព្រៃវែងដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ខណៈបន្តដោយប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តរាជធានីទាំងអស់ធ្វើព្រមគ្នានាព្រឹកថ្ងៃសុក្រនេះ។
ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំក្បូនឃោសនានាព្រឹកថ្ងៃទី៣នេះ ដោយមានការដង្ហែក្បួនទ្រង់ទ្រាយធំដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
ថ្លែងមុនពេលដឹកនាំការឃោសនាបិទ លោក ឃួង ស្រេងថា៖ «ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែជាជោគជ័យរួមរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានពង្រឹងគ្រឹះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឱ្យកាន់តែរឹងមាំនិងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង»។
នារសៀលថ្ងៃបិទយុទ្ធនាការនេះសមាជិកសភា និងជាកូនប្រុសរបស់សម្ដេចតេជោ លោក ហ៊ុន ម៉ានី ក៏បានដឹកនាំក្បួនដង្ហែក្នុងរាជធានីភ្នំពេញផងដែរដោយមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់។
គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិក៏បានដឹកនាំក្រុមអ្នកគាំទ្ររបស់ខ្លួនឃោសនានៅរាជធានីភ្នំពេញផងដែរ។
នៅថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយ ដោយបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៧។ សម្ដេចតេជោទទួលស្គាល់ថា មេឃុំ ចៅសង្កាត់មួយចំនួនពិតជាបានប្រព្រឹត្តនូវកំហុសតិចតួចមែន តែបើធៀបនឹងគុណសម្បត្តិអ្នកទាំងនោះនៅតែមានគុណសម្បត្តិច្រើនជាងកំហុស។
សម្ដេចតេជោថា៖ «ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះបងប្អូនពិតជាបានធ្វើការហើយពិតជាមានការនឿយហត់ ដែលខ្ញុំព្រះករុណាខ្ញុំសូមអរគុណ ហើយសម្រាប់បងប្អូនមួយចំនួនធំក៏អាចនឹងជាប់ឆ្នោតឡើងវិញដែលនឹងត្រូវបម្រើការនៅពេលខាងមុខទៀត។ ពិតមែនហើយកំហុសឆ្គងខ្លះកើតមានជៀសមិនរួចក៏ប៉ុន្ដែកំហុសនោះប្រសិនបើប្រៀបធៀបជាមួយនឹងគុណសម្បត្តិដែលសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់បានធ្វើរយៈពេលកន្លងទៅគឺគុណសម្បត្តិនេះគឺមានធំធេងលើសលប់ទៅនឹងគុណវិបត្តិដែលកើតមានដោយអន្លើ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្ដីប្រកាសព័ត៌មានមួយនាថ្ងៃទី៣ ខែមិថុនានេះ ដោយបានលើកឡើងថាក្នុងថ្ងៃចុងក្រោយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាយ៉ាងផុលផុសនៅទូទាំងប្រទេស។
បើតាម គ.ជ.ប នៅរាជធានីភ្នំពេញមានគណបក្សចំនួន៣បានធ្វើការហែក្បួនដែលមានអ្នកចូលរួមប្រមាណ ៥៣ ៨០០នាក់ ខេត្តសៀមរាបមានការហែក្បូនចំនួន៣បក្សដែលមានអ្នកចូលរួមប្រមាណ ៧២ ០៦៤នាក់ និងខេត្តស្វាយរៀងមានគណបក្ស៤ហែក្បួនដែលមានអ្នកចូលរួមប្រមាណ ៣១ ៣៦២នាក់។
គ.ជ.ប បានវាយតម្លៃថា៖ «ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃចុងក្រោយនេះ គឺបានប្រព្រឹត្តិទៅក្នុងបរិយាកាសមានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង»។
ថ្ងៃស្អែកគឺជាថ្ងៃស ដែលគ្មានការអនុញ្ញាតឱ្យមានការឃោសនានយោបាយណាមួយឡើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យម្ចាស់ឆ្នោតធ្វើការសម្រេចចិត្ត។ ក្រសួងព័ត៌មានកាលពីថ្ងៃពុធ ទី១ ខែមិថុនា ក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់បញ្ឈប់ការផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ រយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕