ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី ថាការយកចិត្តទុកដាក់លើកុមារគឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវព្រោះនេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នាក្នុងសង្គម។ នេះជាសារដែលលោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនា ចំទិវាសិទ្ធិកុមារអន្តរជាតិ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងមួយជីវិតរបស់លោកជាង៤០ឆ្នាំមកនេះលោកពុំបានឆ្លងកាត់របបអាវខ្មៅខ្មែរក្រហម កងប៉ះទង្គិតគ្នារវាងខ្មែរក្រហមនិងរដ្ឋាភិបាលនៅឆ្នាំ១៩៩៧ ឬព្រឹត្តិការណ៍សង្គ្រាមដណ្ដើមតំបន់ព្រះវិហារ ២០០៨-២០១២នោះទេ តែលោកជួបប្រទះវិបត្តិមួយដែលជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពគ្រប់ទិសទីនៅកម្ពុជាគឺវិបត្តិនៃជំងឺកូវីដ-១៩។
លោកបន្ថែមថា វិបត្តិជំងឺកូវីដ-១៩ នេះបានប៉ះពាល់មកលើកម្ពុជាទាំងលើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារគ្រប់រូបបន្ថែមពីលើការប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។ ដោយសារឃើញនូវវិបត្តិនេះហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ដើម្បីធានាដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកុមារ ដែលរហូតមកដល់ពេលនេះគឺសង្គម-សេដ្ឋកិច្ច បានបើកពេញលេញទាំងស្រុង សិស្សានុសិស្ស កុមារា កុមារី បានចូលរៀនដោយផ្ទាល់ជាថ្មី។
លោកសរសេរថា៖ «យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នាបន្តទៀតដែលបច្ចុប្បន្នជាកុមារ។ ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ នេះជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា»។
គិតចាប់ពីផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៩៤,០១% នៃប្រជាជនសរុប ១៦លាននាក់ ក្នុងនោះកុមារពី៣ឆ្នាំ ដល់ក្រោម ១៨ឆ្នាំបានជាង៤លាន៣សែននាក់។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោក កែវ រ៉េមី បានលើកឡើងកាលពីកន្លងទៅថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជួយពលរដ្ឋផុតគ្រោះមរណធំៗចំនួន២ គឺការរំដោះចេញពីបនប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយពលរដ្ឋឱ្យរួចផុតពីការស្លាប់ដោយសារជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបក្នុងវ័យសម្ដេចប្រហែលជាង៤០ឆ្នាំមួយសន្លឹកកាលពីថ្ងៃអង្គារ៍ ទី៣១ ខែឧសភា ដោយអមនូវសំណេរថា បើតាមរូបនេះគឺក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ ដោយថាពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។
សម្ដេចបន្ថែមថាពេលនេះសន្ដិភាពមានហើយ និងសូមកុំឱ្យ «ក្មេងជំនាន់ក្រោយ» មានរឿងអកុសលដូចរូបសម្ដេច និងអ្នកជំនាន់មុនដែលមានសង្គ្រាមទើបខំរកសន្ដិភាព។
សម្ដេចបានបញ្ចប់សំណេរដោយសរសេរថា៖ «កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង»។
អស់រយៈពេលជាង ២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេលញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។
ជារឿយៗ សម្ដេចតេជោ បានប្រកាសថានឹងមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមដូចមុននោះទេ ដោយសម្ដេចប្រកាសថាទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវរក្សាសន្ដិភាពដែលបានដោយពិបាកនេះឱ្យខានតែបាន៕