ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដែលសង្គត់ធ្ងន់ថាតៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិន គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ប្រទេសចិនបាន។ លោកបានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា។
លោក Zhao Lijian បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននោះបន្ថែមទៀតថា៖ «នៅលើពិភពលោកមានចិនតែមួយប៉ុណ្ណោះ ហើយតៃវ៉ាន់ជាផ្នែកមួយនៃចិន។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ នេះជាកុងសុងស៊ីសរបស់សហគមន៍អន្តរជាតិ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ ការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ប្រឆាំងនឹងការបែកបាក់ និងការសម្រេចបានបង្រួបបង្រួមជាតិគឺជាបុព្វហេតុត្រឹមត្រូវសច្ចធម៌របស់ចិន។ នេះត្រូវបាន និងបន្តទទួលបានការយល់និងគាំទ្រពីសហគមន៍អន្តរជាតិក្នុងនោះក៏រួមបញ្ចូលទាំងកម្ពុជាផងដែរ»។
ការលើកឡើងរបស់លោក Zhao Lijian គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្នីសិទ្ធព័ត៌មាននៃសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលបានលើកឡើងថាករណីកោះតៃវ៉ាន់ គឺខុសពីករណីប្រទេសអ៊ុយក្រែន ដោយសារប្រទេសអ៊ុយក្រែនជាប្រទេសឯករាជ្យ ខណៈតៃវ៉ាន់ត្រូវបានប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងចាត់ទុកថាជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ សម្ដេចតេជោថា ប្រទេសចិនមិនល្ងង់ដល់ថ្នាក់បង្ហូរឈាមជាតិសាសន៍ខ្លួននោះទេ ដរាបណាតៃវ៉ាន់មិនប្រកាសឯករាជ្យ និងហើយពុំមានប្រទេសណាឈ្លានពានតៃវ៉ាន់។
សម្ដេចតេជោថា៖ «តាំងពីឆ្នាំ១៩៤៩ រហូតមកដល់ពេលនេះតើមានដែលឃើញចិនប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់ឬអត់? ប្រទេសទាំងឡាយគួរធ្វើការគោរពទៅដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ចិនផងដែរ ដែលគេទាំងឡាយទទួលស្គាល់ថាតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ឥឡូវហេតុអីបានជាដាក់បញ្ហាលើកបញ្ហាប្រៀបធៀបចិននិងតៃវ៉ាន់ទៅប្រៀបធៀបរវាងរុស្ស៊ីនិងអ៊ុយក្រែននេះជាបញ្ហាដែលខ្ញុំមិនយល់ស្របជាមួយនឹងបញ្ហាដែលកើតឡើងស្ដីអំពីការត្រៀមអន្តរាគមន៍យោធា»។
សម្ដេចតេជោ បានរម្លឹកដល់ដៃគូររបស់អាស៊ានទាំងក្នុងនិងក្រៅតំបន់ឱ្យមានការពិចារណាឱ្យបានហ្មត់ចត់ចំពោះទង្វើដែលនាំឱ្យបញ្ចេះគ្រោះថ្នាក់បង្កើតឱ្យមានអរិយភាពជាតិសាសន៍របស់ចិន។
សម្ដេចបានចោទសួរទៅអាមេរិក និងប្រទេសដទៃដែលសុទ្ធតែជាប្រទេសអនុវត្តន៍នូវនយោបាយចិនមួយទាំងអស់។ ហេតុអ្វីព្យាយាមចាប់ផ្ដើមញែកតៃវ៉ាន់ចេញពីចិន?
ការលើកឡើងរបស់ប្រធានអាស៊ាននៅពេលនេះគឺតែ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងពេលប្រកាសប្រជុំ QUAD បានប្រកាសប្រើកម្លាំងបាយចូលការពារតៃវ៉ាន់ប្រសិនជាមានការវាយប្រហារពីចិន៕