ភ្នំពេញ: កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ តាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍលើបច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបង្កើត “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ Khmer Automatic Speech Recognition - Khmer ASR ” ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( Artificial intelligence )។ កម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យកាន់តែឆាប់រហ័សនិងងាយស្រួល។ នៅដំណាក់កាលនេះកម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចាក់ទៀតថាសូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)” ដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃដោយស្កេន QR Code ខាងក្រោម។
ក្រសួងប្រៃសណីយ៍បានបន្តថាដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែប្រសើរ ក្រសួងរីករាយនឹងទទួលមតិយោបល់ពីសាធារណជន ដោយចុចលើពាក្យ “ មតិត្រឡប់ ” នៅក្នុងកម្មវិធី។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបច្ចេកទេសនៃការប្រើប្រាស់នេះ អាចចូលទៅគេហទំព័ររបស់ Khmer ASR ដែលមានអាសយដ្ឋាន https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈ Email: rnd@cadt.edu.kh ៕