ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញបានសម្រេចឱ្យនាំខ្លួនជនត្រូវចោទ លោក អៀ ចាន់ណា ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ក្នុងឆ្នាំ២០២០។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានសម្រេចឱ្យបញ្ជូនលោក អៀ ចាន់ណា ទៅឃុំខ្លួននៅគុកព្រៃស និងឱ្យប្រធានមណ្ឌលទទួលជននេះ និងឃុំខ្លួនជាបណ្ដោះអាសន្ន រហូតដល់មានបទបញ្ជាថ្មីដែលសម្រេចផ្សេងពីនេះ។
លោក ស៊ិន សុវណ្ណរ័ត្ន បានបញ្ជាក់ថា៖ «ឱ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឱ្យបានល្អនៅពេលដីការនេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ណាមួយ»។
តំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) លោក អៀ ចាន់ណា អាយុ ៤១ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៊ីអន រាជធានីភ្នំពេញតាមដីការបស់តុលាការ។
លោកត្រូវបានតុលាការចេញដីការបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងឆ្នាំ២០២០ និងពេលបន្តបន្ទាប់តាមមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌ។
មាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ បទរួមគំនិតក្បត់ ចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើរជាក់ស្ដែងមួយ ឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ ប្រសិនបើបទល្មើសនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ៕