BREAKING NEWS : រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦២៤នាក់ និងមានករណីជាសះស្បើយ ចំនួន ៤៨នាក់ យោងតាមប្រកាសព័ត៌មាននៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល
(ភ្នំពេញ)៖ មនុស្សចំនួន ៦២៤នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៤៨នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់, អ្នកស្លាប់ចំនួន ៤៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕