ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពមួយសន្លឹកដែលបានថតនៅទស្សវត្សឆ្នាំ៩០ ក្នុងដំណាក់កាលដែលកម្ពុជាមិនទាន់សន្ដិភាពពេញលេញ។ សម្ដេចថា ទឹកមុខពេលនោះគឺសម្ដេចគិតអំពីការចង់បាននូវសន្ដិភាពដើម្បីមានឱកាសកសាងប្រទេស ខណៈបានរម្លឹកពលរដ្ឋកុំឱ្យភាពអកុសលនេះកើតឡើងវិញ។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចដោយអមជាមួយរូបភាពក្នុងវ័យប្រហែល៤០ឆ្នាំក្នុងសំលៀកបំពាក់អាវផ្ទៃមេឃ មានដាក់ប៊ិចក្នុងហោប៉ាវអាវ និងពាក់វ៉ៃនតាធំៗ ពេលនោះសម្ដេចនៅមានសក់ខ្មៅនៅឡើយ ដោយបានសំឡឹងគិតទៅលើអ្វីមួយ ដោយបានចងចិញ្ចើមបន្តិច។
សម្ដេចសរសេរថា៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ»។
សម្ដេចតេជោថាពេលនេះសន្ដិភាពមានហើយ និងសូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចរូបសម្ដេច និងអ្នកជំនាន់មុនដែលមានសង្គ្រាមទើបខំរកសន្ដិភាព។
សម្ដេចបានបញ្ចប់សំណេរដោយសរសេរថា៖ «កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង»។
អស់រយៈពេលជាង ២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេលញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។
ជារឿយៗ សម្ដេចតេជោ បានប្រកាសថានឹងមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមដូចមុននោះទេ ដោយសម្ដេចប្រកាសថាទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវរក្សាសន្ដិភាពដែលបានដោយពិបាកនេះឱ្យខានតែបាន៕