BREAKING NEWS: ស្ថានការណ៍ហាក់មានកំដៅចំពោះទស្សនកិច្ចរបស់អនុព័ន្ធយោធាសហរដ្ឋអាមេរិចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជា
ភ្នំពេញ៖ ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកហាក់មានភាពមិនស្របគ្នាចំពោះករណីមូលដ្ឋានទ័ពជើងទឹករាមជាថ្មីម្តងទៀត។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃសុក្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលបានអះអាងថា នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះមន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិចបាននិយាយថា អនុព័ន្ធយោធារបស់ខ្លួនបានសម្រេចចិត្តបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់បន្ទាប់ពីមិនត្រូវបាន “មើលគ្រប់កន្លែង” “full access” នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។
អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក សួន សំណាង មានប្រសាសន៍ថា វរសេនីយឯកអាមេរិក Marcus Ferrara និងមន្ត្រីរបស់លោកបានទៅមើលទីតាំងជាច្រើននៅមូលដ្ឋាននោះនៅព្រឹកថ្ងៃសុក្រនេះតាមការស្នើសុំ និងតំបន់ផ្សេងទៀតហួសពីវិសាលភាពនៃការស្នើសុំ ជាពិសេសគឺកន្លែងដែលយើងរើទីបញ្ជាការដ្ឋានជួរមុខរបស់គណៈកម្មការជាតិលំហសមុទ្រ។
យើងបាននាំគាត់ទៅកំពង់ផែរាមដែលគាត់សង្ស័យថាជាមូលដ្ឋានយោធាចិន។ បន្ទាប់មកយើងនាំគាត់ទៅមើលរោងជាង ដែលជាជំនួយរបស់អូស្រ្តាលីមួយទៀតដែលនៅក្បែរនោះ។ បន្ទាប់មកគាត់ចង់ទៅមន្ទីរពេទ្យ ហើយចុងក្រោយយើងបាននាំគាត់ទៅមើលទីតាំងថ្មីរបស់ទីបញ្ជាការដ្ឋានជួរមុខ របស់គណៈកម្មការជាតិលំហសមុទ្រនៅកោះព្រាបទៀត។ "គាត់បានស្នើសុំការចូលទៅកាន់កន្លែងផ្សេងទៀតដែលមិនចាំបាច់ហើយវាមិនមែនជាផ្នែកនៃសំណើដើមដែលបានធ្វើនោះទេ។ "
ទីប្រឹក្សាពិសេសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិសម្តេច ទៀ បាញ់, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បាននិយាយច្រានចោលសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក។ គាត់និយាយថាវាជា“ ការយល់ខុសដ៏ធំមួយ” ដែលថាប្រទេសកម្ពុជាមិនបានសហការកាលពីព្រឹកថ្ងៃសុក្រនេះ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និយាយថាក្នុងការទស្សនកិច្ចយោធា គឺមានកម្រិតនៅគ្រប់កន្លែងមិនមែនតែនៅកម្ពុជាទេ។ ដោយឡែកការចង់ចុះទៅច្រើនដងទៀត គឺអាស្រ័យលើការជជែកគ្នាបន្តទៀតរវាងភាគីទាំងពីរ។
លោកមានប្រសាសន៍ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវយល់ថាប្រទេសកម្ពុជាមានសិទ្ធិក្នុងការកំណត់ការចូលទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនដោយគ្មានការគ្រោងទុក។
ខណៈពេលដែលសហរដ្ឋអាមេរិកបានស្នើសុំឱ្យដំណើរទស្សនកិច្ចកំណត់ពេលវេលាម្តងទៀត ជាមួយអ្វីដែលគេហៅថា “មើលគ្រប់កន្លែង” “full access” និង "ឱកាសដំបូងបំផុត" គឺមិនមានការអត្ថាធិប្បាយអំពីពាក្យតើអ្វីដែលហៅថា “មើលគ្រប់កន្លែង” “full access” តើមានន័យយ៉ាងដូចម្តេចចំពោះមូលដ្ឋានយោធាដែលគ្រប់គ្រងដោយប្រទេសអធិបតេយ្យមួយ។
សំណើដំបូងសម្រាប់ដំណើរទស្សនកិច្ចនៅថ្ងៃសុក្រត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ដែលសំណើនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពរួចមកហើយ។ ការអនុញ្ញាតនោះត្រូវបានផ្តល់ឱ្យដើម្បីបន្ថយការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោនដែលចោទថាទីក្រុងភ្នំពេញកំពុងអនុញ្ញាតឱ្យទីក្រុងប៉េកាំងសាងសង់មូលដ្ឋានកងទ័ពជើងទឹកផ្ទាល់ខ្លួននៅលើឈូងសមុទ្រថៃ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ម្តងហើយម្តងទៀតថា មូលដ្ឋានយោធានោះ នៅតែស្ថិតក្រោមការគ្រប់គ្រងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនគ្រាន់តែផ្តល់មូលនិធិដល់ការអភិវឌ្ឍមូលដ្ឋាននេះប៉ុណ្ណោះ។
នៅពេលបញ្ចប់នៃជំនួប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកនឹងត្រូវបានស្វាគមន៍ឱ្យប្រើមូលដ្ឋានទ័ពនិងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា៕