ភ្នំពេញ៖ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថាក្រៅពីរួមចំណែកជាមួយមាតា បិតា និងអាណាព្យាបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងសព្វគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈដល់ការសិក្សារៀនសូត្រយុវជន យុវនារី និងកុមារ រដ្ឋាភិបាលបានដាក់គោលដៅធានាដល់និរន្តរភាពនៃឱកាសនេះឱ្យបានសម្រាប់បច្ចុប្បន្ននឹងទៅអនាគតផងដែរ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
ថ្លែងនៅចំពោះមុខសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិតប្រមាណ ៣ ២០០នាក់ លោក ហ៊ុន ម៉ាណែត ថាដើម្បីសម្រេចនូវនិរន្តរភាពនេះ រាជរដ្ឋាភិបាលបានកំណត់កិច្ចការ ៣យ៉ាងសំខាន់គឺ ការពារសុខសនិ្តភាព រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។
លោកថា៖ «កត្តាទំាងនេះ អាចមានលំនឹងទៅបាន គឺអាស្រ័យលើចក្ខុវិស័យ និង សមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ថ្នាក់ដឹកនាំរបស់ជាតិ ដោយមានការចូលរួមរបស់ប្រតិបត្តិករ ដែលមានឆន្ទៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ»។
ជាមួយនឹងការធានានូវការអប់រំ រាជរដ្ឋាភិបាលបានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយតាមរយៈការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារ ឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់ ការពង្រឹងយន្តការវេទិកាការងារ និងការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស, ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ, ការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការពង្រីកការផ្តល់សេវារកការងារឱ្យធ្វើជាដើម ។
លោកបន្ថែមថា៖ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ។ ជាក់ស្តែង សមត្ថភាពសិស្ស-និសិ្សតយើងនៅក្នុងវិស័យនេះ កាន់តែមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយព្រមទាំងមានតម្រូវការទីផ្សារការងារខ្ពស់ផងដែរ»។
ក្នុងឆ្នាំ២០២២នេះ កម្ពុជាបានបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ (TVET DAY) ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។
លោកថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស គឺជាការបោះឆ្នោតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ តាមរយៈការធានាបាននូវលំនឹង និងឱកាសសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយម។
បើតាមរបាយការណ៍ពីលោក ហេង សួរ ស្តីពីសកម្មភាពការងាររបស់ក្រុមសកម្មជនយុវជន ក្រុម១៨ ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលរហូតមកដល់ពេលនេះ ក្រុមសកម្មជនយុវជន ក្រុម១៨ មានសាខានៅតាមគ្រឹះស្ថានអប់រំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ២៤ ក្នុងរាជធានី ខេត្តចំនួន ១៣ ដែលមានសមាជិកសរុបចំនួន ៦ ៨១៨នាក់ ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារសង្គម ទាំងការចូលរួមចំណែកក្នុងការងារបេសកកម្ម ៣៣ម៉ោង របស់លោក ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនក្រោមអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆ័ត្រកងយុទ្ធពលខេមភូមិន្ទ និងកិច្ចការងារជាច្រើនទៀត៕