ព្រឹកថ្ងៃចន្ទនេះ លោក គួច ចំរើន នឹងត្រូវបានប្រកាសឱ្យចូលកាន់តំណែងអភិបាលខេត្តកណ្ដាលជាផ្លូវការ | នាយករដ្ឋមន្ត្រីប្ដេជ្ញាបន្តការពារអភិរក្សបឹងទន្លេសាប | សម្ដេចធិបតី៖ សុខភាពប្រជាពលរដ្ឋគឺសំខាន់ | តបតាមការអញ្ជើញពីរដ្ឋមន្រ្តីការបរទេសកម្ពុជា! រដ្ឋមន្រ្តីការបរទេសជប៉ុននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី៥-៦ ខែកក្កដានេះ |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដឹកនាំប្រតិភូដាំដើមឈើចំនួន ៨០០ដើមក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

កំពង់ស្ពឺ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំប្រតិភូអញ្ជើញថ្វាយបង្គំនិងប្រគេនទេយ្យវត្ថុ ថ្វាយ-ប្រគេន សម្ដេចព្រះសង្ឃនិងមន្ត្រីសង្ឃនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងបានអញ្ជើញដាំដើមឈើ ៨០០ដើមក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ និងបរិស្ថាន។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូទៅថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ ថ្វាយប្រគេនព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា សម្ដេចព្រះសង្ឃនាយករងទី១ ព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងជាអគ្គលេខាធិការរងថេរសភានៃព្រះពុទ្ធសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន រួមទាំងមន្ត្រីសង្ឃចំនួន ៩អង្គទៀតដែលបានយាងនិមន្តប្រោះព្រហ្មពុទ្ធជ័យមង្គលជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងគណៈប្រតិភូ។

ក្នុងពេលជាមួយគ្នានោះដោយមើលឃើញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបំរែបម្រួលអាកាសធាតុ ការកើនឡើងកម្ដៅផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ ភាពរិចរិលដីកសិកម្ម និងការរីករាលដាលនៃជំងឺឆ្លងសត្វល្អិតចង្រៃលើដំណាំជាដើម សម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រតិភូបានដាំដើមឈើ ៨០០ដើមក្នុងបរិវេណមជ្ឈមណ្ឌលដើម្បីជាប្រយោជន៍ដល់មនុស្ស និងបរិស្ថានផងដែរ។

ជាទូទៅថ្នាក់ដឹកនាំកម្ពុជា តែងតែធ្វើជាគម្រូង និងអំពាវនាវដល់ជនរួមជាតិឱ្យយកចិត្តទុកដាក់សហការគ្នាបន្តការដាំកូនឈើល្អៗគ្រប់ប្រភេទអោយបានកាន់តែច្រើនឡើងនៅលើដីទំនេរតាមវត្តអារាម សា្ថប័ន មន្ទីរ គ្រឹះស្ថានសិក្សា ភូមិដ្ឋាននិងនៅទីកន្លែងសាធារណៈផ្សេងៗ អោយបានច្រើនបន្ថែមទៀត ដោយថាជាការចូលរួម ចំណែកបង្កើន គម្របបៃតង នៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងការដាំដើមឈើឡើងវិញក៏ត្រូវរួមកម្លាំងគ្នាការពារថែរក្សាព្រៃឈើ ព្រៃលិចទឹក ដែលមានស្រាប់អោយបានគង់វង្ស ដើម្បីរក្សាបានលំនឹងបរិស្ថានមាន បរិយាកាសល្អជាទីស្ថាន ដ៏សែនមនោរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

បន្ទាប់ពីបញ្ចប់ការដាំកូនឈើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាននិងគណៈប្រតិភូបានអញ្ជើញទស្សនាប្រាសាទតម្កល់ព្រះត្រៃបិតកដែលជាប្រាសាទទី១ បានបង្ហាញនូវសោភ័ណ្ឌភាពមុនគេនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ១២៦ហិកតាជាដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មជ្ឈមណ្ឌលនេះគឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាដ៏ធំជាងគេបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយរាល់សមិទ្ធិផលទាំងអស់ នឹងក្លាយជាសម្បត្តិវប្បធម៌របស់ជាតិដ៍ធំមួយនៅកម្ពុជា។ ការស្ថាបនាសំណង់ផ្សេងៗនៅទីនេះគឺដើម្បីលើកតម្កើងព្រះពុទ្ធសាសនា ពិសេសដើម្បីជាបុណ្យ កុសលសំរាប់មនុស្សទូទៅថា រាល់សមិទ្ធិផលនានា ដែលបានលេច ជារូបរាងឡើង ក្នុងមជ្ឈមណ្ឌល់ ព្រះពុទ្ធសាសនាកម្ពុជា មានទីតាំងក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គីរីរម្យនេះ គិតត្រឹមឆ្នាំ២០២១ គឺចំណាយអស់ថវិកាជាង ៥លាន ៩សែនដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក