កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កម្ពុជាកំពុងមានការកើនឡើងអ្នកប្រើប្រាស់យានយន្ដអគ្គិសនី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថាកម្ពុជាកំពុងមានការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនី ដោយក្នុងនោះកំណើននៃការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២២ មានការកើនឡើងជាង ៨០០ភាគរយ។

ក្នុងកម្មវិធីផ្សាយផ្ទាល់ក្រោមប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា» កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថាការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២២ មានចំនួន ៨៤គ្រឿង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៩គ្រឿងប៉ុណ្ណោះ ដែលនេះបង្ហាញពីការកើនឡើងជាង ៨០០ភាគរយ។

លោកបន្តថា យោងលើកំណើន ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០ភាគរយ និងម៉ូតូអគ្គិសនីក្នុងអត្រា ៧០ភាគរយ។

លោកបញ្ជាក់ថា ក្រសួងនឹងស្វាគមន៍អ្នកវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ក៏ប៉ុន្តែត្រូវធ្វើតាមនីតិវិធី និងអាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។

ជាមួយគ្នានេះលោកអំពាវនាវឱ្យប្រជាជនខ្មែរងាកមកប្រើរថយន្តអគ្គិសនី (EV) ជំនួសរថយន្តប្រើចំហេះឥន្ធន: ព្រោះចំណាយតិច ខណៈក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតសេចក្តីប្រកាសរួមទាក់ទងការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនទីតាំង។

លោករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនផលិតយានយន្តនឹងលែងផលិតយានយន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបនឹងឈប់ផលិតយានយន្តប្រើប្រេងឥន្ធនៈនៅឆ្នាំ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។ លើសពីនេះ ពន្ធនិងអាករនាំចូលរថយន្ត EVs ត្រូវបានអនុគ្រោះនៅត្រឹមតែ ៦៣ភាគរយ ខណ:រថយន្តប្រើសាំងជាប់ពន្ធអាករជាមធ្យម ១២០ភាគរយឯណោះ។

ក្រសួងសាធារណការឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនីចំនួន ១៤៨គ្រឿងក្នុងនោះរថយន្តចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង និងបានសហការជាមួយដៃគូអភិវឌ្ឍន៍មាន UNDP ក្នុងការដំឡើងស្ថានីយសាកអាគុយរថយន្តនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

សព្វថ្ងៃកម្ពុជាមានក្រុមហ៊ុនចំនួន៩ ដែលនាំចូលរថយន្ត និងម៉ូតូប្រើអគ្គិសនី។ បន្ថែមពីនេះ នៅកម្ពុជា ក៏មានក្រុមហ៊ុនមួយ គឺក្រុមហ៊ុន ONION កំពុងដំឡើងកង់បីអគ្គិសនីនៅកម្ពុជា ដោយគ្រោងផលិតឱ្យបាន ២ពាន់ទៅ ៣ពាន់គ្រឿងក្នុងមួយឆ្នាំ ហើយក៏មានក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីផងដែរ ដែលផលិតផលទាំងនេះ អាចនាំចេញទៅក្រៅប្រទេសផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក