ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ានៅតែមានដរាបណាអន្តរជាតិនៅបន្តទំនាក់ទំនងជាមួយប្រទេសនេះ

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងទៅប្រទេសមីយ៉ាន់ម៉ា និងលទ្ធផលនៃកិច្ចប្រជុំស្ដីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសនេះ។ លោកថាទាំងអាស៊ាន និងមីយ៉ាន់ម៉ាសុទ្ធតែចង់ឱ្យប្រទេសមីយ៉ាន់ម៉ាត្រលប់ទៅរកភាពប្រក្រតីវិញ ដោយលោក ប្រាក់ សុខុន យល់ថាដំណោះស្រាយរឿងនេះគឺមានតែតួអង្គនយោបាយមីយ៉ាន់ម៉ាខ្លួនឯង។

ថ្លែងក្នុងពេលធ្វើសេចក្ដីរាយការណ៍ដល់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកស្រី លីនដា ថូម៉ាសគ្រីនហ្វៀល (Linda Thomas-Greenfield) កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់ក្រុមប្រឹក្សាអង្គការពិភពលោកមួយនេះអំពីកិច្ចការពីរដែលលោកកំពុងធ្វើគឺធ្វើជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា។

លោកបានប្ដេជ្ញាថានឹងធ្វើជា «អ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា»ដោយបញ្ជាក់ថាតួអង្គនយោបាយផ្សេងៗគ្នានៅ ប្រទេសមីយ៉ាន់ម៉ាគួរប្រកាន់ជំហរបើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលអំណោយផលដល់ ដំណើរការសន្តិភាពប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាននៅមីយ៉ាន់ម៉ា។

ចំពោះការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ អាស៊ានសម្រេចបាន៣ចំនុចគឺបង្កើតក្របខណ្ឌនៃការរៀបចំផ្ដល់ជំនួយមនុស្សធម៌អាស៊ាន ការដោះស្រាយបញ្ហាប្រឈមចំពោះប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ និងក្របខណ្ឌសម្រាប់អនុវត្តចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។

លោកបានគូសបញ្ជាក់ថា៖ «អាទិភាពជាបន្ទាន់គឺត្រូវដាក់ចេញនូវអ្វីដែល បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាពេលថ្មីៗនេះ ជាពិសេសការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលាទៅដល់អ្នកដែលត្រូវការជំនួយបំផុតគ្មានការរើសអើង»។

លោក ប្រាក់ សុខុន បានប្រាប់ទីក្រុមប្រឹក្សាសន្ដិសុខ UN ថានឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី២ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។

សរសរលើហ្វេសបុកផេករបស់លោកនៅយប់ថ្ងៃសុក្រ ទី២៧ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នេះជាការរាយការណ៍ជាលើកទី២ ទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហាមីយ៉ាន់ម៉ា។ លោកថា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក្តី មិនមែនមានន័យថាអស់សង្ឃឹមនោះទេ ដរាបណាទាំងអាស៊ាននិងសហគមន៍អន្តរជាតិបន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនាផ្ទុយពីនយោបាយឯកោនិយម។

លោកសរសេរថា៖ «យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល»។

៥ចំណុចដែលលោកទន្ទឹងរង់ចាំចំពោះដំណើរទស្សនកិច្ចរបស់លោកកាន់ប្រទេសមីយ៉ាន់ម៉ាមាន ការបញ្ឈប់អំពើហិង្សា ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ការផ្ដល់ជំនួយមនុស្សធម៌ និងសុទិដ្ឋិនិយមថាមីយ៉ាន់ម៉ាអាចត្រលប់មកដូចដើមវិញ។

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាន់អំណាចស្របច្បាប់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចាប់ខ្លួនទីប្រឹក្សារដ្ឋគឺលោកស្រីអ៊ុង សានស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតយកទៅឃុំខ្លួន។ ប៉ុន្មានម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំហើយប្រគល់អំណាចដឹកនាំប្រទេសទៅឲ្យមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកមីន អ៊ុងឡាំង ជាអ្នកគ្រប់គ្រងដែលធ្វើឲ្យផ្ទុះការតវ៉ាស្ទើពេញប្រទេសរហូតដល់មានការបង្ក្រាបបង្ហូរឈាមទៀតផង។ ទោះជាយ៉ាងណាស្ថានភាពមានការប្រែប្រួលខ្លះផងដែរបន្ទាប់ពីប្រធានអាស៊ាន សម្ដេចតេជោ អញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសនេះកាលពីដើមខែមករា ឆ្នាំ២០២២ និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារកាលពីខែមីនា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក