កំពង់ធំ៖ ក្មេងស្រីពិការភ្នែកម្ខាង និងជើងម្ខាង ត្រូវឃាតកល្បួងឌុបម៉ូតូយកទៅរឹតកសម្លាប់ រួចយកច្រកការុង បោះចោលក្នុងទឹកស្ទឹង។ ករណីនេះកើតឡើងនៅរសៀលថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ បួន យ៉ិក ជនជាតិខ្មែរ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពឌុបជនរងគ្រោះឈ្មោះ សារីន ភ័ត្រា ភេទស្រី អាយុ១៤ឆ្នាំ (ជាក្មេងពិការភ្នែកម្ខាង និងជើងម្ខាង) រស់នៅភូមិឃុំកើតហេតុជាមួយគ្នា យកទៅសម្លាប់។
យោងតាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ក្មេងស្រីជនរងគ្រោះពិតប្រាកដមែន ដោយលួងលោមក្មេងស្រីជនរងគ្រោះឲ្យឡើងជិះម៉ូតូ រួចឌុបយកទៅរឹតកនឹងអាវ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ហើយក៏បន្តច្រកចូលក្នុងការរុងពណ៌ស ចងមាត់ជិត ហើយបោះចូលក្នុងទឹកស្ទឹងតែម្ដង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ចម្ងាយប្រហែល ១០០ម៉ែត្រ ពីស្ពានផ្លុង។
មូលហេតុដោយសារតែជនសង្ស័យខឹងនឹងម្ដាយជនរងគ្រោះ ដើរនិយាយប្រាប់គេថា ពូជរបស់ខ្លួនជាពូជដើររំលោភគេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន កសាងសំណុំរឿង ចាតការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះក្រោយក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួចសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ៕