គខប ខេត្តកំពង់ចាមពិន័យ គង់ រ៉ៃយ៉ា ៥លានរៀលក្រោយចែកលុយដល់បេក្ខភាពមេឃុំបក្សភ្លើងទៀនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
កំពង់ចាម៖ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម សម្រេចផាកពិន័យ ប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម លោក គង់ រ៉ៃយាំ ចំនួន ៥,០០០,០០០៛ (ប្រាំលានរៀលគត់) តាមច្បាប់ស្ដីពីការឃោសនាបោះឆ្នោត ក្រោយរងបណ្ដឹងពីតំណាងបក្សប្រជាជនពាក់ព័ន្ធនឹងការចែកលុយដល់បេក្ខភាពមេឃុំបក្សភ្លើងទៀនក្នុងស្រុកកងមាសម្នាក់ ១០០ដុល្លារ ចំនួន ១៥នាក់។
គខបខេត្តកំពង់ចាមបានសម្រេចបែបនេះកាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ក្រោយបើកសវនាការពេញមួយថ្ងៃ។
ទោះជាយ៉ាងណា គ.ខ.ប ខេត្តកំពង់ចាមនៅតែសម្រេចរក្សាបេក្ខភាពមេឃុំបក្សភ្លើងទៀនទាំង ១៥នាក់ មានសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនដដែល។
សេចក្តីសម្រេចនេះនៅបើកផ្លូវប្តឹងតវ៉ាទៅ គ.ជ.ប តាមកំណត់ច្បាប់កំណត់ផងដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកប្រាប់ EAC News កាលពីថ្ងៃទី២៦ ខែឧសភា ថាគណបក្សនយោបាយទាំងអស់ត្រូវយល់ដឹងពីបទបញ្ជា និងនីតិវិធីក្នុងដំណើរការឃោសនាបោះឆ្នោតឱ្យបានច្បាស់ដើម្បីកុំឱ្យមានកំហុសក្នុងពេលឃោសនា។
លោកថា៖ «គ្រប់គណបក្សនយោបាយត្រូវតែយល់អំពី បទបញ្ជារ និងនីតិវិធី នៅក្នុងដំណើរក្នុងការឃោសនារបស់ខ្លួន ព្រោះច្បាប់ក្នុងមាត្រា ៧១ និង ៧២ គេមានសរសេរជាពិសេសមាត្រា១៧១ ក៏មានបម្រាមអំពីការទិញទឹកចិត្ត ការទិញទឹកចិត្តដោយប្រើសម្ភារៈក៏ដោយ ប្រាក់កាសក៏ដោយក៏គេមិនលើកទឹកចិត្តឱ្យធ្វើបែបនេះដែរ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៥ ខែឧសភា បានចេញសេចក្តីណែនាំដល់បណ្តាបក្សនយោបាយទាំងអស់ មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខារ ឬមធ្យោបាយផ្សេងៗក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយថាដើម្បីធានាដល់ភាពត្រឹមត្រូវនៃការឃោសនា និងគោរពនូវច្បាប់ស្ដីពីការឃោសនាបោះឆ្នោត។
កថាខណ្ឌទី៥ នៃមាត្រា៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចែងថា «គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត ទោះបីរតាមមធ្យោបាយ ឬរូបភាពណាក៏ដោយ ដល់ស្ថាប័នអង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត»៕