ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើសន្នីសិទអន្តរជាតិនៅថ្ងៃនេះ កម្ពុជាមិនដាក់ខ្លួនទៅជាកូនបំណុលរបស់អ្នកណាមួយនោះទេ រួមទាំងប្រទេសចិនផងដែរ ខណៈសម្ដេចទទួលស្គាល់ថាចិនគឺមូលដ្ឋាននៃការខ្ចីបុលរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។
ឆ្លើយទៅនឹងសំណួរក្នុងសន្នីសិទនោះដែលសួរថាតើកម្ពុជានឹងអាចធ្លាក់ចូលអន្ទាក់បំណុលចិនដែរឬទេ? សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយថា សម្ដេច «មិនយល់ថាចិនដាក់អន្ទាក់កម្ពុជាតាមរយៈការផ្ដល់ហិញ្ញប្បទានឱ្យកម្ពុជានោះទេ»។
សម្ដេចតេជោថា កម្ពុជាមានក្រិតក្រមនៃការខ្ចីបំណុលរបស់ខ្លួនដែលខ្ចីដោយប្រុងប្រយ័ត្ន មានច្បាប់ខ្ចីបុល ខណៈពិដាននៃការខ្ចីដែលអនុញ្ញាតឱ្យខ្ចីដល់ ៤០%នៃផលិតផលសរុបក្នុងស្រុក កម្ពុជាទើបតែខ្ចីបាន ២៣%ប៉ុណ្ណោះ។
សម្ដេចតេជោថា៖ «ខ្ញុំសូមបញ្ជាក់ថាកម្ពុជានឹងមិនដាក់ខ្លួនទៅជាកូនបំណុលរបស់អ្នកណាមួយនោះទេ។ ព្រោះយើងមិនអាចខ្ចីតែពីចិនទេ យើងអាចខ្ចីពីជប៉ុន យើងអាចខ្ចីពីកូរ៉េ យើងអាចខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី យើងអាចខ្ចីពីធនាគារពិភពលោក យើងអាចខ្ចីពីធនាគារអឺរ៉ុប អញ្ចឹងយើងមិនអាចពឹងផ្អែកតែមួយជ្រុងនោះទេ។ ប៉ុន្ដែវាច្បាស់ហើយថាចិនបានផ្ដល់ជាមូលដ្ឋានសម្រាប់យើងខ្ញុំនេះគឺជាបញ្ហាពិតប្រាកដដែលយើងត្រូវទទួលស្គាល់ការពិត»។
សម្ដេចតេជោប្រកាសទទួលជំនួយពីគ្រប់ប្រទេសទាំងអស់មិនប្រកាន់ថាមកពីប្រទេសណានោះទេ ឱ្យតែជាជំនួយសម្រាប់ជួយដល់ការអភិវឌ្ឍន៍កម្ពុជា។
យោងតាមស្ថិតិបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងឆ្នាំ២០២១ កម្ពុជាជំពាក់បំណុលបរទេសសរុបជាង ១០ ៥៥១លានដុល្លារអាមេរិក ក្នុងនោះបំណុលទ្វេរភាគីមានចំនួនជិត ៧ពាន់លានដុល្លារ ដែលចិនគ្រប់គ្រងជាង ៣ ៤១៧លានដុល្លារអាមេរិក៕