វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្ត្រីបង្ហើបពីគម្រោងចង់បូមស្ដារបឹងទន្លេសាបឱ្យជ្រៅឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីគម្រោងបូមស្ដារបឹងទន្លេសាបឱ្យជ្រៅឡើងវិញ ដើម្បីអភិរក្សពូជត្រី និងមានគម្រោងយកដីល្បប់ដែលបូមបានពីក្នុងទន្លេធ្វើជាជីកសិកម្មចែកជូនប្រជាពលរដ្ឋ។

បើតាមការថ្លែងការណ៍ពិសេសនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំមានដីល្បប់ជាច្រើនបានហូរចាក់ចូលទៅក្នុងបឹងទន្លេសាបដែលបណ្ដាលឲ្យមានការរីងរាក់ពិសេសនៅក្នុងរដូវប្រាំង។ បាតុភូតនេះបានបង្កទៅជាបញ្ហាដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសគឺការបន្តពូជរបស់ពពួកត្រីនៅក្នុងទឹក។ ជាមួយនឹងការធ្លាក់ចុះនៃស្លឹកឈើទៅក្នុងទឹក បានធ្វើឲ្យបឹងទន្លេសាបពីមួយថ្ងៃទៅមួយថ្ងៃរីងរាក់បន្តិចម្ដងៗ។

សម្ដេចថ្លែងថា៖ «ដូច្នេះកម្ដៅនៅក្នុងទឹកទន្លេយើងកាន់តែកើនឡើង អញ្ចឹងបញ្ហាអភិរក្សពូជត្រី គឺជាបញ្ហាដ៏លំបានសម្រាប់យើង»។

សម្ដេចបន្តថា ដើម្បីថែរក្សានិងអភិរក្សពូជត្រីនៅតំបន់ចាំបាច់ត្រូវមានការកំណត់ទីតាំងនិងត្រូវរកទូកសម្រាប់បូមស្ដារនៅក្នុងតំបន់ទាំងនោះឲ្យមានជម្រៅទឹកជ្រៅនិងធានាថានៅរដូវប្រាំងត្រីអាចមានលទ្ធភាពចូលទៅក្នុងតំបន់នោះ។

សម្ដេចបន្ថែមថាការងារនោះមិនអាចធ្វើតែម្ដងអស់មួយបឹងទន្លេសាបនោះទេតែទាមទារឲ្យចាប់ផ្ដើមពីចំណុចខ្លះៗនៅក្នុងខេត្តដែលជាប់បឹងនេះទៅតាមលទ្ធភាពដែលអាចធ្វើបាន។

សម្ដេចបញ្ជាក់ថា៖ «ដូចនេះកិច្ចការនេះវាទាក់ទងជាមួយនឹងការអភិរក្សតំបន់ការពារពូជត្រីរបស់យើង ត្រូវចាប់ផ្ដើមពីកន្លែងហ្នឹងមុនគេ បន្ទាប់ទៅចាំយើងរកវិធានការទាំងឡាយជាមួយនឹងការបូមស្ដារបឹងទន្លេសាបនេះឲ្យវាជ្រៅឡើងវិញ»។

សម្ដេចបានបញ្ជាមានការរៀបចំជាផែនការមេមួយ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវធ្វើការទៅលើការងារនេះ ដោយសិក្សាពីតំបន់ដែលមានត្រីរស់នៅច្រើន និងកំណត់ពិទំហំដែលត្រូវធ្វើ ដោយដាក់ទៅក្នុងគម្រោងស្នើទៅកាន់កញ្ចប់ថវិកាជាតិ។

បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ បឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា តែផ្ទុយទៅវិញនៅរដូវប្រាំងបឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០.៨០ម៉ែត្រ ដល់ ២ម៉ែត្រ។ ចំណែកនៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរ ព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់១៤ម៉ែត្រ ដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាបបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក