សម្តេចតេជោប្រាប់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋជុំវិញករណីបឹងទន្លេសាប
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំ នៅតាមតំបន់បឹងទន្លេសាប ទទួលខុសត្រូវចំពោះពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរៀបចំឯកសារដាក់ស្នើមកកាន់រាជរដ្ឋាភិបាលកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅអាស្រ័យផលនៅដីបឹងទន្លេជាយូរមកហើយ។
ថ្លែងនៅក្នុងការផ្សាយផ្ទាល់ពិសេសស្តីពី «បឹងទន្លេសាប» នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា សម្តេចតេជោបានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អភិបាលខេត្ត អភិបាលស្រុក និងមេឃុំ ត្រូវមានទំនួលខុសត្រូវ ទៅលើការគិតគូរចំពោះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បឹងទន្លេសាបដើម្បីឱ្យមានការបែងចែងដីដែលពលរដ្ឋបានកាន់កាប់អាស្រ័យផលនៅបឹងទន្លេសាបឱ្យបានច្បាស់លាស់និងត្រឹមត្រូវ។
ការបញ្ជាក់របស់សម្ដេចតេជោ គឺបន្ទាប់ពីសម្ដេចបានសម្រេចឱ្យមានការបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ ដោយគិតទៅលើជីវភាពពលរដ្ឋ និងកត្តាប្រវត្តិសាស្ត្រដែលពលរដ្ឋរស់នៅ។
សម្ដេចតេជោថា៖ «អញ្ចឹងបន្ទុកនេះគឺជាបន្ទុករបស់ថ្នាក់ឃុំដែលប្រជាពលរដ្ឋនឹងបោះឆ្នោតជូនអស់លោកនាពេលខាងមុខនេះ ហើយអស់លោកត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅទីនោះ។ សម្រាប់ការដែលគាត់បង្កបង្កើនផលក្នុងរយៈពេលយូរមកហើយបូកជាមួយអភិបាលស្រុក អភិបាលខេត្ត ហើយខ្ញុំចាំតែចុះហត្ថលេខាទេ។ ខ្ញុំអាចចុះហត្ថលេខាកែតម្រូវ ចុះហត្ថលេខាបានតាមសំណើរ ហើយខ្ញុំក៏អាចចុះហត្ថលេខាកែតម្រូវបានដែរ»។
ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទទួលដី ដើម្បីបង្កបង្កើនផលហើយកុំកាប់រានដីជិតខាងដើម្បីពង្រីកតទៅទៀតដើម្បី ហើយកុំឱ្យអ្នកទៅពីក្រៅតំបន់នោះជាឈ្មួញ ឬជាអ្នកមានអំណាច ទៅឃុបខិតជាមួយប្រជាពលរដ្ឋ ហើយកាន់រានវាទផ្ទៃដីរាបរយរាបពាន់ហិចតាហើយជួលឱ្យប្រជាពលរដ្ឋដូចរយៈពេលកន្លងទៅដែរ។
សម្តេចក៏បានអំពាវនាវដល់អភិបាលខេត្ត អភិបាលស្រុក លោកមេឃុំ ឱ្យទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋានទៅលើបញ្ហានេះ៕