ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានស្នើដល់ក្រសួងស្ថាប័នដែលធ្វើការលើវិស័យអប់រំ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជនពង្រីកការផ្តល់សេវាអប់រំដោយលើកកម្ពស់និងគ្មានការរើសអើងលើថ្នាក់អប់រំពិសេសក្នុងសាលារបស់ខ្លួនដល់កុមារអូទីស្សឹម។
ថ្លែងតំណាងឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ការវិភាគស្ថានភាពជនមានអូទីស្សឹមនៅកម្ពុជានាថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ឯម ច័ន្ទមករា ថាបច្ចុប្បន្នសាលាឯកទេសទាំងក្នុងវិស័យរដ្ឋនិងឯកជនដែលផ្តល់ការគាំទ្រដល់កុមារមានអូទីស្សឹមនៅមានចំនួនតិចតួចនៅឡើយ។ ក្រៅពីនេះការយល់ដឹងរបស់គ្រូបង្រៀនរួមទាំងវិធីសាស្រ្តនិងឧបករណ៍សមស្របក្នុងការបង្រៀនដល់កុមារមានអូទីស្សឹមនៅមានកង្វះខាតនៅឡើយ ដែលនាំឱ្យសាលាមួយចំនួនមានការស្ទាក់ ស្ទើរ ក្នុងការទទួលចុះឈ្មោះកុមារអូទីស្សឹមបានចូលរៀន។
លោកបានបន្តថា បច្ចុប្បន្នគម្លាតរវាងគោលនយោបាយដែលបានដាក់ចេញ និងការអនុវត្តជាក់ស្តែងដើម្បីជាឧត្តមប្រយោជន៍ដល់ជនមានពិការភាពជាពិសេសជនមានអូទីស្សឹមនៅតែមានកម្រិត ដែលធ្វើឱ្យការយល់ដឹងអំពីស្ថានភាពជនមានអូទីស្សឹមនិងតម្រូវការរបស់ពួកគេទាំងក្នុងចំណោមប្រជាជនទូទៅ និងអ្នកពាក់ព័ន្ធផ្សេងៗមិនទាន់មានភាពទូលំទូលាយ ហើយការទទួលបានសេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ភាគច្រើនអាចរកបានតែនៅក្នុងតំបន់ទីក្រុងមួយចំនួនប៉ុណ្ណោះ។
លោក ឯម ច័ន្ទមករា ថា៖ «បន្ថែមលើបញ្ហាប្រឈមដែលរៀបរាប់ខាងលើ រាជរដ្ឋាភិបាលក៏មានការព្រួយបារម្ភ ទាក់ទងនឹងបញ្ហាកេរ្តិ៍ដំណែលគ្រួសារដែលមានជនមានអូទីស្សឹម។ ចំណោទត្រង់ថា តើជនមានអូទីស្សឹមអាចពឹងផ្អែកលើអ្នកណានៅពេលឪពុកម្តាយឬក្រុមគ្រួសារបោះបង់ចោល ឬទទួលមរណៈភាពព្រោះយើងមិនទាន់មានមជ្ឈមណ្ឌលក្នុងបន្តជួយគាំទ្រពួកគេនៅឡើយ»។
លេខាទី២ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ខនណ័រ ហ្វ្លយ បានលើកឡើងថាជំងឺអូទីស្សឹម Autism spectrum Disorders (ASD) គឺជាជំងឺអាចត្រូវបានរកឃើញក្នុងវ័យកុមារភាពប៉ុន្តែជារឿយៗមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញភ្លាមទេ។ អ្នកដែលមានជំងឺអូទីស្សឹមជារឿយៗទទួលរងនូវការមាក់ងាយ ការរើសអើង ទទួលបានការថែទាំសុខភាពមិនស្មើភាព រួមទាំងការអប់រំ និងឱកាសដើម្បីចូលរួមក្នុងសហគមន៍របស់ពួកគេផងដែរ។
លោកបញ្ជាក់ថា៖ «បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរទៅៗដោយអវត្តមាន និងលទ្ធភាពនៃវិជ្ជាជីវៈអ្នកឯកទេស ដូចជាអ្នកឯកទេស ព្យាបាលជំងឹ អ្នកឯកទេសក្នុងការនិយាយជាមួយអ្នកជំងឹ និងគ្រូបង្រៀនឯកទេស»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានស្នើជំរុញដល់ការបណ្តុះបណ្តាញជំនាញវិជ្ជាជីវ ដល់ជនដែលមានអូទីស្សឹមដើម្បីពួកគេមានជំនាញជាទុនក្នុងការរកប្រាក់ចំណូលសម្រាប់ខ្លួនឯងពេលមិនមានក្រុមគ្រួសារ។
សម្រាប់ខេត្តដែលមានមណ្ឌលស្តារគួរពិចារណា រៀបចំកម្មវិធីស្តារលទ្ធពលកម្ម ស្តារផ្នែកវេជ្ជសាស្ត្រចល័ត គ្របដណ្តប់ដល់ខេត្តមិនទាន់មានមណ្ឌលស្តារ ដើម្បីជនមានអូទីស្សឹមទទួលបានការថែទាំសុខភាពនិងស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព និងជំរុញការយល់ដឹងពីស្ថានភាពអូទីស្សឹម តាមរយៈទិវាជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម ដល់ក្រសួងស្ថាប័ន អាជ្ញាធរដែនដី សហគមន៍មូលដ្ឋាន សាលារៀន និងក្រុមគ្រួសារ ដើម្បីពួកគេអាចផ្តល់សេវាស្របតាមតម្រូវការនិងប្រសិទ្ធភាព។
លោកក៏បានរំលឹកនិងស្នើដល់ក្រសួងស្ថាប័ន វិស័យឯកជន ដែលមិនទាន់បានបង្គ្រប់ការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ តាមកូតាកំណត់ដោយច្បាប់ ឱ្យរូសរាន់ជ្រើសរើសបង្គ្រប់ដោយផ្តល់អាទិភាពដល់ជនមាន«អូទីស្សឹម»។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោកកុមារ ១នាក់ក្នុងចំណោមកុមារ ១៦០នាក់ មានអូទីស្សឹម។ ជារួមអត្រាប្រេវ៉ាឡង់អូទីស្សឹមនៅតាមប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមជាច្រើន រួមទាំងប្រទេសកម្ពុជាផងនៅមិនទាន់មានតួលេខច្បាស់លាស់នៅឡើយ។
សម្រាប់កម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានការរីកចម្រើនគួរឱ្យកត់សំគាល់ ទាំងការកសាងគោលនយោបាយនិងបទដ្ឋានគតិយុត្តផ្សេងៗ និងទាំងការផ្តល់សេវាគាំទ្រនានា មានដូចជា ច្បាប់ថ្មីស្តីពីពិការភាព កំពុងត្រូវបានរៀបចំបញ្ចប់ ក្នុងគោលបំណងកំណត់អំពីកិច្ចការពារ ការលើកកម្ពស់ និងការធានានូវការទទួលបានពេញលេញនិងស្មើភាពគ្នា បន្ថែមពីនេះមជ្ឈមណ្ឌលជាតិជនមានពិការភាពកម្ពុជា កំពុងតែសាងសង់ ដែលនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជាទីកន្លែងផ្តល់នូវសេវាចម្រុះ រួមទាំងសេវាស្តារលទ្ធភាពពលកម្ម និងសេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ជនមានពិការភាពទូទៅ រួមទាំងជនមានអូទីស្សឹមផងដែរ៕