អាល្លឺម៉ង់៖ សារព័ត៌មានកីឡានៅចក្រភពអង់គ្លេស BBC បានចុះផ្សាយថា ក្លិបបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund បានច្រានចោលសំណើដេញថ្លៃចង់បាន Jadon Sancho ក្នុងតម្លៃ ៦៧ លានផោនរបស់ Manchester United ហើយ។ នៅចំពោះមុខ ក្លិបយក្សអាល្លឺម៉ង់មួយនេះបានទាមទារតម្លៃខ្លួន Sancho រហូតដល់ ៧៧,៥ លានផោន បូលរួមនឹងប្រាក់អត្ថប្រយោជន៍បន្ថែមប្រមាណជា ៤,៥លានផោនផ្សេងទៀតសំរាប់ការផ្ទេរកីឡាករវ័យ ២១ ឆ្នាំរូបនេះចេញពីទឹកដីកីឡដ្ឋាន Signal Iduna Park។
មកដល់ពេលនេះ Manchester United នៅតែកំពុងបន្តពិចារណាក្នុងការតថ្លៃជាមួយ Dortmund ក្នុងការនាំយកកីឡាករជម្រើសជាតិអង់គ្លេសនេះមកចូលរួម ក្រោយការចរចាមិនត្រូវគ្នាម្តងរួចមកហើយកាលពី ១២ខែមុន។ យ៉ាងណាក្តី គេជឿជាក់ថាក្លិបទាំងពីរនឹងមានភាគរយខ្ពស់ដើម្បីសម្រេចការចរចានេះ ប្រសិនបើ Man Utd ឡើងបន្តិច ហើយ Dortmund ខ្លួនឯងផ្ទាល់ថយចុះបន្តិចក្នុងការចរចាលើកនេះ។
កន្លងមក Sancho ក៏បានលើកឡើងថា ការប្រកបអាជីពនៅទឹកដីអាល្លឺម៉ង់ មិនចោទជាបញ្ហាឡើយសម្រាប់គេ។ Sancho ធ្លាប់បាននិយាយថា៖ "រយៈពេល ២ឆ្នាំដំបូង វាពិតជាលំបាកសម្រាប់ខ្ញុំ ជាពិសេសទៅលើបញ្ហាភាសា។ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំអាចសម្របខ្លួនបានល្អច្រើន ហើយខ្ញុំពិតជាសប្បាយរីករាយក្នុងការទទួលបានអ្វីៗគ្រប់យ៉ាងនៅទីនេះ។ និយាយដោយស្មោះត្រង់ Dortmund គឺជាទីក្រងដែលស្ងប់ស្ងាត់មួយ អំណោយផលសម្រាប់ការធ្វើដំណើរទៅវិញទៅមកពីផ្ទះទៅកន្លែងហ្វឹកហាត់ ហើយរឿងដែលល្អមួយទៀតគឺអ្នកគាំទ្រដែលស្រលាញ់បាល់ទាត់។ រឿងម្យ៉ាងគត់ដែលលំបាកសម្រាប់ខ្ញុំគឺការរស់ឆ្ងាយពីគ្រួសារ ប៉ុន្តែវាក៏ជាផ្នែកមួយនៃជីវិតរបស់យើង"។
បើតាមប្រភពដដែលបានបញ្ជាក់ថា Jadon Sancho គឺកីឡាករម្នាក់គត់ដែលបានទទួលសំណើទិញពីក្លិបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលដែលខ្សែប្រយុទ្ធណ័រវេយ Erling Haaland ដែលមានពាក្យចចាមអារាមចង់បានពីក្លិបធំៗនៅអឺរ៉ុបនោះ Dortmund មិនទាន់បានទទួលសំណើណាមួយនៅឡើយ។ ក្រៅពីនេះ ក៏នៅមានកីឡាករវ័យក្មេងអង់គ្លេសមួយរូបទៀតគឺ Jude Bellingham ក៏ស្ថិតក្នុងគោលដៅអាចផ្ទេរចេញពីទឹកដីអាល្លឺម៉ង់ផងដែរ៕