វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាឱ្យកាត់ឆ្វៀលដីបឹងទន្លេសាបដែលមានភូមិប្រជាពលរដ្ឋចេញពីតំបន់២ និង៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកាត់ឆ្វៀលដីបឹងទន្លេសាប ក្នុងបឹងទន្លេសាបក្នុងតំបន់២ និងតំបន់៣ ឱ្យប្រជាពលរដ្ឋដែលបានរស់នៅបង្កើតភូមិដ្ឋាន ដោយគិតពីកត្តាប្រវត្តិសាស្ត្រ និងជីវភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងការណ៍ពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបឹងទន្លេសាបគឺចាំបាច់ក្នុងការអភិរក្ស តែក៏ត្រូវគិតដល់កត្តាប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ សម្ដេចបានបញ្ជាឱ្យពិនិត្យលើស្ថានភាពជាក់ស្ដែងដើម្បីកាត់ឆ្វៀលដីដែលពលរដ្ឋបានរស់នៅជាក់ស្ដែងកើតជាភូមិករជាឃុំ ជាស្រុក មានទីវត្តអារ៉ាមជាយូររួចមកហើយ។

សម្ដេចតេជោបន្ថែមថា៖ «បញ្ហានេះត្រូវតែបានគិតហើយដែលយើងមិនត្រូវងាប់ក្រឡា ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្ដែយើងត្រូវតែទទួលស្គាល់ថាតំបន់នេះគឺមានកើតតាំងពីមុនពេលដែលយើងកំណត់ក្របខណ្ឌតំបន់១ តំបន់២ តំបន់៣ទៅទៀត។ […] ដូច្នេះមិនមែនជាទីតាំងថ្មីដែលប្រជាជនទៅកាប់រុករាននោះទេ តែគាត់រស់នៅរាប់ជំនាន់មកហើយ ដែលចាំបាច់ត្រូវតែកាត់ចេញ ឆ្វៀលចេញដូចស្ថានភាពស្បែកខ្លា»។

សម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដែនដីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមជាមួយនិងអភិបាលខេត្ត ស្រុក ឃុំ នៅតាមតំបន់ទាំងនោះទទួលខុសត្រូវជាមួយពលរដ្ឋក្នុងការស្នើសុំរក្សាទុកតំបន់នោះ ដាក់មកកាន់រាជរដ្ឋាភិបាលដើម្បីសម្រេច។

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត បានគាំទ្រចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រី។

លោកថា៖ «ខ្ញុំគាំទ្រហើយខ្ញុំយល់ថាការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនេះគឺជារឿងត្រឹមត្រូវចំពោះពលរដ្ឋដែលគាត់បានតាំងទីលំនៅ និងការរស់នៅតជំនាន់មកហើយគួរណាស់តែគាត់អាចរស់នៅបន្តនិងទទួលបានបណ្ណកម្មសិទ្ធិសម្រាប់គាត់។ ប៉ុន្ដែអ្វីដែលសំខាន់ទន្ទឹមនឹងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលអាជ្ញាធរត្រូវតែមានវិធានការដើម្បីទប់ស្កាត់កុំឱ្យមានការុករានបន្តខុសពីអ្វីដែលរាជរដ្ឋាភិបាលសម្រេច»។

បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីកន្លងទៅសម្ដេចបានឱ្យរដ្ឋមន្ត្រីក្រសួងដែនដី និងអភិបាលខេត្ត ជាប់បឹងទន្លេសាបធ្វើការកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ លើខេត្តចំនួន៣ ដែលរួមមានខេត្តពោធិសាត់ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដោយបានកែសម្រួលផ្ទៃដីបឹងទន្លេសាបប្រមាណ ១ម៉ឺន១៤ហិតាពីតំបន់២ មកតំបន់១ ដល់ពលរដ្ឋជាង៩ពាន់គ្រួសារ និងសម្រួលផ្ទៃដីពីតំបន់៣មកតំបន់២ប្រមាណ ៩ពាន់៨រយហិតា ដល់ពលរដ្ឋប្រមាណ ៣ពាន់៤រយគ្រួសារ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក