វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

UN ពន្យល់ពីមូលហេតុដែលមិនដាក់អ្នកសង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

ភ្នំពេញ៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថាខ្លួនមិនពាក់ព័ន្ធ ជួយគាំទ្រ ក៏ដូចជារៀបចំ ឬសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះឡើយ ដោយមូលហេតុគ្មានសេចក្ដីសម្រេចរបស់អង្គការ ឬមានសំណើរជាលាយលក្ខណ៍អក្សរសុំជំនួយលើការបោះឆ្នោតពីអាជ្ញាជាតិ។

អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបង្ហោះលើហ្វេសបុកផេករបស់ខ្លួនកាលពីថ្ងៃពុធ ទី២៥ ខែឧសភា ថា ការផ្ដល់ជំនួយ ឬការគាំទ្រទៅលើការបោះឆ្នោតបានដោយផ្អែកលើកត្តាមួយចំនួនដូចជា មានសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាតដែលផ្ដល់អាណត្តិឲ្យអង្គការសហប្រជាជាតិផ្ដល់ជំនួយលើការបោះឆ្នោត ឬសំណើជាលាយលក្ខណ៍អក្សរជាផ្លូវការសុំជំនួយលើការបោះឆ្នោតពីអាជ្ញាធរជាតិសមស្របណាមួយ។

អង្គការសហប្រជាជាតិបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីសម្រេច ឬស្នើសុំរួចហើយ អង្គការនឹងវាយតម្លៃលើ តម្រូវការបោះឆ្នោតដោយផ្នែកទទួលបន្ទុកជំនួយការបោះឆ្នោតនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាព (DPPA)។ បន្ទាប់មកការអនុម័តរបស់ជនបង្គោលទទួលបន្ទុកជំនួយការបោះឆ្នោត (អគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការ នយោបាយ និងកសាងសន្តិភាព (DPPA) ដែលត្រូវការជាចាំបាច់មុនពេលដែលប្រព័ន្ធអង្គការសហប្រជាជាតិផ្ដល់ឬធ្វើការប្ដេជ្ញាលើគម្រោងជំនួយលើការបោះឆ្នោត។

អង្គការសហប្រជាជាតិបញ្ជាក់ថា៖ «សំណើសុំជំនួយការបោះឆ្នោតត្រូវតែធ្វើឡើង ដោយរដ្ឋសមាជិកទៅកាន់អង្គការសហប្រជាជាតិ។ សំណើនេះមិនអាចធ្វើឡើងដោយគណបក្សនយោបាយ សង្គមស៊ីវិល ឬអង្គការផ្សេងទៀតនោះទេ។ ដោយសារតម្រូវការខាងលើពេលបច្ចុប្បន្ននេះមិនទាន់មានការផ្តល់ជំនួយលើការបោះឆ្នោតនាពេលបច្ចុប្បន្នពីសំណាក់អង្គការសហប្រជាជាតិនៅកម្ពុជានោះទេ»។

ទោះបីជាមិនបានដាក់អ្នកសង្កេតការណ៍ក៏ដោយ ក៏ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តាមដានស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅប្រទេសកម្ពុជាហើយកិច្ចការនេះក៏នឹងបន្តក្នុងអំឡុងពេលបោះឆ្នោផងដែរ។

អង្គការពិភពលោកនោះបញ្ជាក់ថា នឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការវិវត្តន៍នានានៅក្នុង ប្រទេសកម្ពុជា។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានឱ្យ EAC News ដឹងថារហូតមកដល់ពេលនេះគ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការជាតិបានជាង៥ម៉ឺននាក់ ខណៈកំពុងពិនិត្យជាង១ម៉ឺននាក់ថែមទៀតដែលអាចក្រោយពីពិនិត្យរួចចំនួនអ្នកសង្កេតការជាតិអាចកើនដល់ជិត ៧ម៉ឺននាក់។ ទោះជាយ៉ាងណាពុំមានអ្នកសង្កេតការណ៍អន្តរជាតិនោះទេ តែជំនួសវិញដោយភ្ញៀវពិសេសពីប្រទេសជប៉ុន សហភាពអឺរ៉ុប និងអូស្ត្រាលី។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក