
ក្រសួងពាណិជ្ជកម្មជំរុញការងារលើវិស័យឌីជីថលស្របពេលកម្ពុជាចាត់ទុកវិស័យនេះជាប្រភពកំណើនសេដ្ឋកិច្ចថ្មី
ស្វីស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញការធ្វើពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថលជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀតផងដែរ។ ការជំរុញនោះធ្វើឡើងក្នុងឱកាសរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ក បានបង្ហាញចំណាប់អារម្មណ៍ ទៅលើការកើនឡើងយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថលនៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩។ លោកបន្ដថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀតផងដែរ។
លោកថាការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើតសមត្ថភាពផលិតកម្មក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវអត្តសញ្ញាណនិងវប្បធម៌ជាតិខ្លួន។ លោកក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជានៅក្នុងពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថលផងដែរ ដែលមានដូចជា ក្របខណ្ឌច្បាប់គតិយុត្ត យន្ដការសម្រាប់ការអនុវត្ត និងសម្របសម្រួល fintech និងការបង្កើតផែនទីបង្ហាញផ្លូវនៃគោលនយោបាយ fintech។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល។
រាជរដ្ឋាភិបាលបានអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ អនុវត្តក្របខណ្ឌនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ បង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ និងបង្កើតផ្សារអេឡិចត្រូនិកសម្រាប់ទំនិញនិងសេវាកម្មផងដែរ៕