លោក កៅ គឹមហួន៖ ប្រធានអាស៊ានឆ្នាំ២០២២ កំពុងបង្ហាញអន្តរជាតិពីការចង់រក្សាបាននូវសន្ដិភាពសម្រាប់តំបន់
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឱ្យដឹងថា ការងារដ៏មមាញឹករបស់របស់ប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នៅប៉ុន្មានខែនេះគឺបានបង្ហាញអន្តរជាតិនូវការចង់បានស្ថិរភាព សន្ដិសុខ ក្នុងតំបន់ ទោះបីកំពុងក្លាយជាតំបន់ដែលកំពុងប្រឈមខ្លាំងនៃភូមិសាស្ត្រនយោបាយមហាអំណាចក៏ដោយ។ លោក កៅ គឹមហួន បានថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រលប់ពីប្រទេសស្វីសមកកម្ពុជាវិញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភានេះ។
ក្នុងសន្នីសិទសារព័ត៌មានប្រមាណ ៣០នាទីដែលធ្វើឡើងនៅសាលសន្នីសិទកាសែតព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក កៅ គឹមហួន បានធ្វើសេចក្ដីសង្ខេបពីដំណើរទៅចូលរួមរបស់សម្ដេចតេជោ ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោកដោយថា សម្ដេចតេជោបានខិតខំកិច្ចការងារការទូតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេសដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីចំពោះពលរដ្ឋរបស់ខ្លួន ការខិតខំជំរុញពីនយោបាយការទូតអាស៊ាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិដើម្បីធ្វើយ៉ាងណាជំរុញផលប្រយោជន៍អាស៊ាន។
លោកថា៖ «ដូចដែលយើងបានឃើញនៅពេលនេះគឺថាសម្ដេចតេជោនាយករដ្ឋមន្ត្រីក្រោយពីបានធ្វើដំណើរទៅសហរដ្ឋអាមេរិកហើយ បានធ្វើដំណើរទៅសហភាពអឺរ៉ុប ទ្វីប២ខុសគ្នា តែក្នុងគោលដៅតែមួយទេ។ ឆ្លុះបញ្ចាំថានៅក្នុងតំបន់យើងអាស៊ាននេះយើងត្រូវការសុខសន្ដិភាព ត្រូវការសន្ដិសុខ ត្រូវការស្ថិរភាព ហើយអ្វីដែលសំខាន់គឺថាអាស៊ាននៅដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សានូវសន្ដិភាព សន្ដិសុខ ដើម្បីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់តំបន់យើងហើយនឹងភាពអភិវឌ្ឍន៍នៃតំបន់នេះ»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា បានឱ្យ EAC News ដឹងថាបច្ចុប្បន្នអាស៊ានកំពុងក្លាយជាចំណុចកណ្ដាលនៃការប្រកួតប្រជែងគ្នារវាងមហាអំណាចនានា ហើយក៏ស្ថិតនៅចន្លោះគំនិតផ្ដួចផ្ដើម៣ដែលមានទំនោរប្រឆាំងគ្នាគឺគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន AUKUS របស់អូស្ត្រាលី អង់គ្លេស និងអាមេរិក និង QUAD របស់អាមេរិក ជប៉ុន ឥណ្ឌា។ លោក ឯម សុវណ្ណារ៉ា ថាការរក្សាខ្លួននៅកណ្ដាលរបស់អាស៊ានគឺជាជំហរល្អបំផុតដែលអាស៊ានបានធ្វើនៅក្នុងឆ្នាំ២០២២នេះ។
លោកថា៖ «បើយើងនិយាយទៅអាស៊ានឈរលើជំហរបច្ចុប្បន្នដែលយើងដាក់មូលបទមួយគឺជំហរជាជាកណ្ដាលរបស់អាស៊ាន មជ្ឈមភាពរបស់អាស៊ានអញ្ចឹងវាអាចខុសពីអាស៊ានមុនឆ្នាំ២០២២ កន្លងមក កម្ពុជានិងឡាវត្រូវបានគេមើលឃើញថាស្ថិតក្នុងបរិបថ ឬក៏និន្នាការទៅខាងចិន ហើយប្រទេសមួយចំនួនទៀតទៅអាមេរិកអីអញ្ចឹងទៅ។ អញ្ចឹងវាបានធ្វើឱ្យទំនាស់គោលនយោបាយការបរទេសនៅក្នុងតំបន់រដ្ឋសមាជិកហ្នឹងមានគោលនយោបាយផ្សេងៗគ្នា។ […] ប៉ុន្ដែនៅពេលដែលយើងសន្យានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចប្រជុំសេដ្ឋកិច្ចនៅដាវូសប្រទេសស្វីសនេះ ខ្ញុំគិតថាការបញ្ជាក់ក្នុងវេទិការពិភពលោកថ្មីៗនេះវាល្អសម្រាប់តំបន់អាស៊ាន សម្រាប់កម្ពុជាដែលប្រកាន់នូវគោលនយោបាយជាកណ្ដាលសម្រាប់មហាអំណាចទាំងអស់ហ្នឹង គឺជាកិច្ចការមួយល្អដែលអាចរក្សានូវតំបន់អាស៊ាន ឬក៏កម្ពុជាគេចផុតពីឥទ្ធិពលឬក៏និន្នការនយោបាយរបស់មហាអំណាចណាមួយផ្ដាច់មុខ»។
ថ្លែងក្នុងពេលធ្វើជាវាគ្មិនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកំពុងកាន់ដុំថ្មក្ដៅដែលសំដៅលើបញ្ហាចំនួន៤ដែលខ្លួនជួបប្រទះក្នុងពេលដឹកនាំអាស៊ានរួមមានបញ្ហាមីយ៉ាន់ម៉ា បញ្ហាកូវីដ-១៩ បញ្ហាសមុទ្រចិនខាងត្បូង និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ស្របនឹងបញ្ហានេះការប្រកួតប្រជែងភូមិសស្រ្តនយោបាយកំពុងធ្វើឱ្យអាស៊ានមានការលំបាកផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមខែនេះថា៖ «ពេលនោះមានមតិមួយចំនួនមិនគួរបាននិយាយអំពីបញ្ហា QUAD នោះទេ។ ព្រោះ QUAD មិនមែនជាយន្តការរបស់អាស៊ានប៉ុន្ដែនៅទីចុងក្រោយ ឥណ្ឌូនេស៊ីក្នុងឋានៈជាអ្នកសម្របសម្រួលរវាងអាស៊ាន-សហរដ្ឋអាមេរិក កម្ពុជាក្នុងនាមជាប្រធានអាស៊ានក៏បានធ្វើការសម្រុះសម្រួលត្រឹមតួនាទីរបស់ QUAD ទាក់ទិននឹងការប្រឆាំងកូវីដ-១៩ គឺវ៉ាក់សាំងតែប៉ុណ្ណោះ ព្រោះយើងមិនចង់ឱ្យមានការពាក់ព័ន្ធអំពីសម្ព័ន្ធភាពណាមួយប្រឆាំងនឹងអ្នកដទៃ»។
នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថាថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់កម្ពុជា និងអាស៊ានឈរលើគោលការណ៍៣គឺ ត្រូវបម្រើដល់សន្ដិភាពនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពឯកភាពមជ្ឈភាពរបស់អាស៊ាន។ ក្នុងនោះអាស៊ានខ្លួនឯងក៏កំពុងបង្កើតគំនិតផ្ដួចផ្ដើមតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួនឯងផងដែរ។
សម្ដេចតេជោថា៖ «ខ្ញុំក៏បានកត់សម្គាល់ថាមិត្តភ័ក្ររបស់យើងដែលជាមហាអំណាចបានប្រាប់មកយើងថា គ្មានការចាំបាច់ឱ្យជ្រើសរើសអ្នកនោះទេ ហើយយើងក៏បានបញ្ជាក់ថាបើអស់លោកឱ្យយើងខ្ញុំជ្រើសរើសក៏យើងខ្ញុំអត់ជ្រើសរើសដែរ!»៕