សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអរព្រះគុណព្រះមហាក្សត្រដែលព្រះអង្គបរិច្ចារាជទ្រព្យ ១ពាន់ដុល្លារដល់កាកបាទក្រហម
ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសេចក្ដីរីករាយនិងបានទូលថ្វាយសារលិខិតថ្លែងអំណរគុណព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ដល់កាកបាទក្រហមសម្រាប់ខែឧសភា ឆ្នាំ២០២២។
ក្នុងលិខិតក្រាបថ្វាយបង្គំព្រះមហាក្សត្រជីវិតតម្កល់លើត្បូង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថាការបរិច្ចាគរាជទ្រព្យរបស់ព្រះមហាក្សត្រចំពោះកាកបាទក្រហមគឺជាការគិតគូរ និងលះបង់របស់ព្រះអង្គដើម្បីទ្រទ្រង់នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រកម្ពុជាក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសុំឱ្យវត្ថុស័ក្តសិទ្ធិក្នុងលោក ព្រះបារមីទេវតារក្សាស្វេតច្ឆត្រ និងបារមីអតីតអង្គព្រះមហាក្សត្រគ្រប់អង្គប្រោសប្រទាន ព្រះពរជ័យដល់ ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ។
គួរឱ្យដឹងផងដែរថាព្រះមហាក្សត្រតែងតែងរាជទាននូវព្រះរាជទ្រព្យរបស់ព្រះអង្គជារៀងរាល់ខែ ដែលក្នុងមួយឆ្នាំប្រមាណ ១២ ០០០ដុល្លារអាមេរិកដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕