ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

UNODC ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការ «ឈប់ទ្រាំនឹងអំពើហិង្សា»

ភ្នំពេញ៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល ៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្រ្តីនគរបាលព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសេវាកម្មគាំទ្រនានាដែលមានស្រាប់ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃអង្គារ៍ ទី២៤ ខែឧសភា អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេហ៍ និងប៉ាស៊ីហ្វិក នៃ UNODC លោក Felipe De La Torre លើកឡើងថា៖ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ។ យើងមានគោលបំណងបញ្ជ្រាបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រមិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ»។

លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្ដោតលើវិធីសាស្រ្តនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា។ គម្រោងនេះផ្តោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាព ខណ្ឌ សហកមន៍ចំនួនប្រាំមួយ ស្ថិតនៅក្នុងខណ្ឌចំនួនបីនៅក្នុងរាជធានីភ្នំពេញរួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថាជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះផ្ដោតលើក្រុមគោលដៅជាច្រើនជាពិសេសស្ត្រីដែលមានអាយុចន្លោះពី១៥ ទៅ៤៩ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗតាមប្រព័ន្ធអនឡាញនិងការបោះពុម្ភក្នុងនោះក៏មានសារចែករំលែកដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។

លោកបញ្ជាក់ថា៖ «យុន្ធាការណ៍នេះនឹងប្រើប្រាស់ hashtag #ឈប់ទ្រាំនឹងអំពើហិង្សា និងសារគន្លឹះ "មានអាជ្ញាធរនិងអ្នកជំនាញចាំជួយអ្នកជានិច្ច" យុទ្ធនាការនេះមានគោលបំណង លើកទឹកចិត្តដល់ជនរង គ្រោះ និងសាក្សី ត្រូវហ៊ានជំនះគំនាបវប្បធម៌ នឹងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយ ត្រូវហ៊ាននិយាយ តាមរយៈការបណ្តុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់»។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក ជីវ ផល្លី នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គនាយិការរងនៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីលោកស្រី ស ស៊ីណែត មានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្របដណ្តប់ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។

ថ្លែងក្នុងសន្ទរកថាបិទកម្មវិធីលេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា Dr Angelika Stauder បានលើកឡើងថា៖ «មន្ត្រីនគរបាលតែម្នាក់ឯងមិនអាចដោះស្រាយអំពើហិង្សាលើស្រ្តី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គមដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាចនិងការទទួលខុសត្រូវជាពិសេសនោះគឺជាការការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀតការតាមចាប់ជនល្មើសនិងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។ ខ្ញុំសង្ឃឹមថាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរកនិងប្រើប្រាស់សេវាផ្តល់ដោយនគរបាល និងសេវាធានាសុវត្ថិភាពដែលមានស្រាប់ដទៃទៀត»។

អំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូ រួមមានអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត គឺជាអំពើហិង្សាដែលកើតឡើងញឹកញយបំផុត ទៅលើស្រ្តីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ឆ្នាំ ធ្លាប់បានរងគ្រោះដោយអំពើហិង្សាលើរាងកាយ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២០ អត្រានៃឧប្បត្តិហេតុនេះ បានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក