
ក្រសួងមហាផ្ទៃប្រាប់ឱ្យបក្សភ្លើងទៀនមើលលក្ខន្ដិកៈបក្សឡើងវិញក្រោយតែងតាំងលោក ស៊ុន ឆ័យ ជាអនុប្រធាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានផ្ញើលិខិតមួយច្បាប់ទៅប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល ឱ្យពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្ដិកៈគណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញាត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ ក្រោយគណបក្សនេះបានតែងតាំងលោក ស៊ុន ឆ័យ ជាអនុប្រធាន។ នេះបើតាមលិខិតដែលសម្ដេចក្រឡាហោមផ្ញើឱ្យលោក ទាវ វណ្ណុល ចុះថ្ងៃពុធ ទី២៥ ខែឧសភានេះ។
ក្នុងលិខិតនោះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាការតែងតាំងលោក ស៊ុន ឆ័យ ជាអនុប្រធានគណបក្សគឺផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្ដិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញាត្តិមាត្រា ២៦ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក សុន ឆ័យ បានចូលជាសមាជិកនៃគណបក្សភ្លើងទៀន។ មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី២ ខែមីនា គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងជាមួយនឹងអង្គទូត និងអង្គការជាតិ-អន្តរជាតិសម្រាប់គណបក្សក្រៅរដ្ឋាភិបាល ហើយបានតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀនផងដែរ៕