ភ្នំពេញ៖ ប្អូនស្រីបង្កើតរបស់សម្ដេចតេជោលោកស្រី ហ៊ុន ស៊ីណាត បានឱ្យដឹងថា ពេលនេះបងប្រុសទី១នៃគ្រួសារត្រកូលហ៊ុន គឺលោក ហ៊ុន សាន បានវិលត្រលប់មកកម្ពុជាវិញហើយបន្ទាប់ពីទៅព្យាបាលជំងឺនៅប្រទេសថៃកាលពីកន្លងទៅ។
លោក ហ៊ុន សាន គឺជាបងបង្កើតទី១ របស់នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពេលដែលលោកកំពុងស្នាក់នៅសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ប្អូនប្រុសទី២ របស់សម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាព ដោយសារគាំងបេះដូង។
ក្នុងពេលសម្ដេចទេពញាណទទួលមរណភាព នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលជាប្អូនទី៣ បានប្រាប់កូនៗរបស់លោក ហ៊ុន សាន កុំឱ្យប្រាប់ដំណឹងនេះទៅលោក ហ៊ុន សាន ព្រោះសុខភាពគាត់នៅខ្សោយ។ ទោះជាយ៉ាងណា សម្ដេចថាសម្ដេចមិនដឹងថា នឹងមានអ្វីកើតឡើងក្រោយពេលបងប្រុសទី១ ទទួលដំណឹងថាសម្ដេច ហ៊ុន ណេង បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់? ដែល «នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»។
បងប្អូនរបស់សម្ដេចតេជោ ហ៊ុន សែន មានចំនួន ៦នាក់ ដែលមានទី១ លោក ហ៊ុន សាន ទី២ សម្ដេចទេពញាណ ហ៊ុន ណេង ទី៣ សម្ដេចតេជោ ហ៊ុន សែន ទី៤ លោកស្រី ហ៊ុន សេងនី ទី៥ លោកស្រី ហ៊ុន ស៊ីណាត និងប្អូនស្រីពៅ លោកស្រី ហ៊ុន ប៊ុនធឿន៕