ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលអបអរជាមួយជោគជ័យរបស់អត្តពលិកកម្ពុជា ដែលរកបានមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ នៅប្រទេសវៀតណាម ក៏ដូចជាការមកដល់នៃទង់ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់មួយនេះ។
ក្នុងសារសំឡេងពិសេសរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ សម្តេចមានប្រសាសន៍ថា យើងទើបទទួលបានទង់សម្រាប់ការធ្វើស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះដែលសម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានរួមគ្នាដង្ហែរមកមាតុប្រទេសជាមួយនឹងគ្រឿងឥស្សរិយយសយ៉ាងច្រើនកើនឡើងទ្វេរដងបើប្រៀបធៀបទៅនឹងស៊ីហ្គេមមុនៗ សម្ដេចតេជោថានេះជាចំណុចរបត់នៃប្រវត្តិសាស្រ្តដែលកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលដ៏ល្អក្នុងវិស័យកីឡា។
សម្តេចក៏បានអរគុណដល់ថ្នាក់ដឹកនាំក៏ដូចជាកីឡាករ កីឡាការិនី ដែលបានធ្វើនូវពិធីដង្ហែទង់ ស៊ីហ្គេម និងគ្រឿងឥស្សរិយយសទាំងឡាយក្រោយការប្រកួតមកកាន់មាតុប្រទេសវិញនិងចូលទៅទីស្នាក់ការគណៈកម្មាការអូឡាំពិកកម្ពុជា ដែលស៊ីហ្គេមនឹងត្រូវប្រព្រឹត្តិទៅនៅឆ្នាំ២០២៣ ខាងមុខដែលជាការរៀបចំគ្រោងទុកអស់រយៈពេល ជាច្រើនឆ្នាំមកហើយ។
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កម្ពុជារកបានមេដាយមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង។ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៦៣គ្រឿង ដោយបានបំបែកកំណត់ត្រាចាស់ចំនួន ៥៣មេដាយដែលបានឈ្នះនៅទីក្រុងកូឡាឡាំពួរក្នុងឆ្នាំ១៩៧១។ កម្ពុជាក៏បានបំបែកកំណត់ត្រាពីមុនរបស់ខ្លួនផងដែរគឺមេដាយមាសចំនួន ៨ដែលឈ្នះនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៣។
រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ត្រៀមលក្ខណៈសម្បត្តិជាម្ចាស់ផ្ទះក្នុងការស្វាគមន៍ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក ជាមួយនឹងស្នាមញញឹម និងឥរិយាបថថ្លៃថ្នូរ ចូលរួមរក្សាអនាម័យ និងបំបាត់ភាពអសកម្មក្នុងសង្គមដើម្បីលើកម្ពស់កិត្តិយសរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
នេះជាលើកទី១ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម បន្ទាប់ពីកម្ពុជាសាងសង់បញ្ចប់១០០% នៃសំណង់ពហុកីឡាជាតិមរតកតេជោនៅរាជធានីភ្នំពេញ។
ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ ត្រូវបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមបន្តនៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕