ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឧត្តមសេនីយ៍ឯក តុប នេត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ការពិភាក្សានេះធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក្រសួងការបរទេសធ្វើការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំបើកផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដល់អនិកជនខ្មែរដែលរស់នៅអាមេរិក ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដា ជាង២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ធ្វើការនេះឱ្យបានសម្រេចដើម្បីសម្រួលការត្រលប់ទៅកាន់កម្ពុជាការទិញដូរអចលនទ្រព្យ ឬបោះឆ្នោតនៅកម្ពុជា។
សម្ដេចថា៖ «ក្រសួងការបរទេសមានផ្នែកកុងស៊ុល ក្រសួងមហាផ្ទៃមានផ្នែកអន្តោប្រវេសន៍និងអត្តសញ្ញាណកម្មជាពិសេសគឺផ្នែកអត្តសញ្ញាណកម្ម គឺបងប្អូនមកនេះអត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូច ឬមកអីអត់មានឈ្មោះក្នុងបញ្ជីនៅក្នុងស្រុកទេ។ អញ្ចឹងត្រូវធ្វើមិចឱ្យបងប្អូនមានអត្តសញ្ញាណបណ្ណខ្មែរបាន»៕