កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងសុខាភិបាលណែនាំអ្នកដែលមានរោគសញ្ញាក្ដៅខ្លួនចាប់ពី ៣៨,៥អង្សាសេឲ្យដាក់ខ្លួនដាច់ដោយឡែក

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីណែនាំបុគ្គលដែលមានសញ្ញា ចេញកន្ទួលរមាស់បែកពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥អង្សាសេ ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែកដើម្បីធ្វើការពិនិត្យសុខភាព (សង្ស័យករណីអុតស្វា) ទោះបីកម្ពុជាមិនទាន់មានអ្នកឆ្លងជំងឺមួយនេះក៏ដោយ។

តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថាចំពោះការដាក់ខ្លួនដាច់ដោយឡែក ក្រៅពីរោគសញ្ញាខាងលើ នៅមានរោគសញ្ញាផ្សេងទៀតដូចជាឈឺក្បាល ហើមកូនកណ្ដុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា។

ក្រសួងបន្តថា សម្រាប់បុគ្គលដែលដាក់ខ្លួនដាច់ដោយឡែក ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានទទួលការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផល «អវិជ្ជមានវីរុសអុតស្វា»។ ក្រៅពីនេះត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នានិងត្រូវបង្កើនការតាមដានរាយការណ៍ករណីជំងឺនៅក្រោមច្បាប់និយ័តកម្មអន្ដរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

ក្រសួងក៏បានណែនាំឲ្យប្រជាជនទូទៅ ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ជែលលាងដៃ ឬអាល់កុល បរិភោគចំណីអាហារដែលឆ្អិនល្អ និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។ ត្រូវជៀសវាងការប៉ះពាល់អ្នកជំងឺឬបុគ្គលដែលសង្ស័យដោយផ្ទាល់រាប់ទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម ឬការប៉ះពាល់សម្ភារៈប្រើប្រាស់របស់ពួកគេរហូតដល់អ្នកជំងឺបានជាសះស្បើយ។

ក្រសួងបញ្ជាក់ថា បុគ្គលសង្ស័យដែលមិនមានរោគសញ្ញាមិនត្រូវដាក់ធ្វើចត្តាឡីស័កទេហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្នដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការនិងត្រូវតាមដានសុខភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

ជាមួយគ្នានេះ នៅតាមមន្ទីរពេទ្យ ឬតាមមណ្ឌលសុខភាពត្រូវអនុវត្តការពារការចម្លងរោគ ស្របតាមលក្ខណៈបច្ចេកទេសពេទ្យ ដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ-១៩។ ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ជាមួយអ្នកជំងឺឬបុគ្គលដែលសង្ស័យ។

គ្រូពេទ្យត្រូវប្រុងប្រយ័ត្ននិងតាមដានយ៉ាងហ្មត់ចត់ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើស្បែក (rash) ឬពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗមានគ្រុនក្តៅ និងមានរោគសញ្ញាដូច បានរៀបរាប់ខាងលើនេះផងដែរ។

ក្រសួងបន្ថែមថា មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា។ ក្រៅពីវិធានការខាងលើនេះក្រសួងសុខាភិបាលកំពុងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វាទុកជាមុនផងដែរ។

គួរឲ្យដឹងថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះ ឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់នៅចក្រភពអង់គ្លេសដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាដែលមានកន្លែងជំងឺនេះបានកើតមានបែបអង់ដេមី (Endemic area)។

ករណីជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺ នេះ ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ករណីជំងឺអុតស្វា ដែលបានរាយការណ៍ជូនអង្គការ សុខភាពពិភពលោក មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែធ្វើការអង្កេតបញ្ជាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិក ខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វាចំនួន២ករណីហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក