លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងយុត្តិធម៌កំពុងរៀបចំគោលនយោបាយនិងច្បាប់ដើម្បីលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា បច្ចុប្បន្នក្រសួងយុត្តិធម៌កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទាំងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំជំនួស លោក លាង សួគ៌ ដែលត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃអង្គារ៍ ទី២៤ ខែឧសភា។

លោករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានបន្តថាការរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ធ្វើឡើងតាមរយៈសន្ធានកម្ម (សម្រុះសម្រួល) និងការបង្កើតវិជ្ជាជីវៈសន្ធានការី (អ្នកដែលបង្កើតឱ្យមានការស្រុះស្រួល) ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការសម្របសម្រួលដោះស្រាយចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទឱ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន។

លោកបន្តថា ចៅក្រមគ្រប់រូបគប្បីសាកល្បងជួយសម្របសម្រួលនិងផ្សះផ្សារវាងគូភាគីដើម្បីអាចបញ្ចប់វិវាទនៅក្នុងសំណុំរឿងក្តីនានាមុននឹងឈានទៅការសម្រេចសេចក្តីតាមរយៈការចេញនូវសាលក្រម ឬសាលដីកា ប៉ុន្តែការសម្របសម្រួល និងការផ្សះផ្សានេះមិនត្រូវយកមកអនុវត្តចំពោះ «រឿងក្តីព្រហ្មទណ្ឌ» ឡើយ។

លោក កើត រិទ្ធ ក៏បានបន្តណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តកំពង់ធំថ្មី ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក